ក្រុមប្រដាប់អាវុធ Houthis ក្នុងប្រទេសយេម៉ែន បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ពួកគេបានធ្វើប្រតិបត្តិការយោធាប្រឆាំង នឹងនាវាដឹកប្រេងរបស់ប្រទេសន័រវេស ។
នៅក្នុងការតវ៉ាចុងក្រោយ របស់ពួកគេប្រឆាំង នឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា។
អ្នកនាំពាក្យយោធា Houthi លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះបានវាយប្រហារនាវាដឹកប្រេងឈ្មោះថា Strinda របស់ប្រទេសន័រវេសដោយគ្រាប់រ៉ុក្កែត ។
ដោយសារតែនាវានេះដឹកជញ្ជូនប្រេងឆៅទៅកាន់ស្ថានីយអ៊ីស្រាអែល ហើយបន្ទាប់ពីនាវិករបស់ខ្លួន មិនអើពើនឹងការព្រមានទាំងអស់។
ប៉ុន្តែក្រុមហ៊ុនដែលគ្រប់គ្រងកប៉ាល់នោះគឺក្រុមហ៊ុន Mowinckel Chemical Tankers របស់ន័រវេស បានគូសបញ្ជាក់ថា កប៉ាល់នេះបានធ្វើដំណើរទៅប្រទេសអ៊ីតាលី ជាមួយនឹងការដឹកប្រេងដូងសម្រាប់ប្រើប្រាស់ក្នុងជីវឥន្ធនៈ ដោយមិនមានគម្រោងឈប់នៅអ៊ីស្រាអែលទេ។
ទិន្នន័យពីក្រុមហ៊ុនតាមដានកប៉ាល់ Kpler បានបង្ហាញថា កប៉ាល់ Strinda បានដឹកប្រេងបន្លែ និងជីវឥន្ធនៈពីប្រទេសម៉ាឡេស៊ី ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុង Venice។ មន្ត្រីក្រុមប្រដាប់អាវុធ Houthi មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗ ពីរដ្ឋាភិបាលអ៊ីស្រាអែលដែរ។
គួរបញ្ជាក់ថា ក្រុម Houthis បានចូលទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានរីករាលដាលពាសពេញមជ្ឈិមបូព៌ាចាប់តាំងពីថ្ងៃទី ៧ ខែតុលា ។
ដោយបានវាយប្រហារលើនាវានៅក្នុងផ្លូវដឹកជញ្ជូនសំខាន់ៗ និងការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ ។
ដើម្បីបង្ហាញការតវ៉ារបស់ពួកគេប្រឆាំង នឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា៕