យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី បានព្រមព្រៀងគ្នាក្នុងការតាមដានយ៉ាងឆាប់រហ័សនូវការអភិវឌ្ឍន៍រួមគ្នានៃយន្តហោះចម្បាំងជំនាន់ក្រោយ។
ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍(ទី១៩ខែតុលា)នៅទីក្រុង Naples ប្រទេសអ៊ីតាលី ពួកគេបានបញ្ជាក់ពីផែនការដើម្បីបញ្ចប់កិច្ចសន្យាសាធារណៈ និងឯកជនជាលើកដំបូងនៅឆ្នាំក្រោយ ក្នុងគោលបំណងដាក់ពង្រាយយន្តហោះនេះនៅឆ្នាំ 2035 នេះបើយោងតាមសារព័ត៌មាន Kyodo News បានដកស្រង់ចេញពីសម្តីរបស់ក្រសួងការពារជាតិជប៉ុន។
ក្យូដូ បានរាយការណ៍ឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន Gen Nakatani រួមជាមួយសមភាគីអង់គ្លេស និងអ៊ីតាលី លោក John Healey និង Guido Crosetto បានពិភាក្សាគ្នាអំពីគម្រោងនេះនៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងមិនធ្លាប់មានរបស់ G7 ក្នុងវិស័យការពារជាតិ។
លោក Nakatani បានប្រកាសអំពីផែនការតែងតាំងលោក Masami Oka អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកកិច្ចការអន្តរជាតិ ដើម្បីដឹកនាំកម្មវិធី Global Combat Air Program (GCAP) ដែលជាកិច្ចសហការរវាងចក្រភពអង់គ្លេស អ៊ីតាលី និងជប៉ុន ក្នុងគោលបំណងបង្កើតយន្តហោះចម្បាំងជំនាន់ថ្មី។
អង្គការរដ្ឋាភិបាលអន្តរជាតិ GCAP ឬ GIGO ត្រូវបានគេរំពឹងថានឹងបង្កើតឡើងនៅក្នុងប្រទេសអង់គ្លេសនៅចុងឆ្នាំនេះ ដើម្បីត្រួតពិនិត្យការអភិវឌ្ឍន៍របស់យន្តហោះនេះ៕