ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយគ្រាប់បែកលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ(ទី១៨ខែតុលា)
បានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនជនល្មើស។
-នេះបើតាមសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា។
ការវាយប្រហារនេះបានកើតឡើងក្នុងពេលដែលមានការកើនឡើង នៃអារម្មណ៍ប្រឆាំងចិននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីចិនបានដាក់សម្ពាធលើក្រុមឧទ្ទាមឱ្យបញ្ឈប់ការប្រយុទ្ធប្រឆាំងនឹងរបបយោធា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្លែងថា ការវាយប្រហារនេះមិនបណ្តាលឱ្យមានអ្នកស្លាប់ទេ ប៉ុន្តែបានបំផ្លាញផ្នែកខ្លះៗនៃស្ថានកុងស៊ុល។ លោក Lin បានបន្តថា ចិនបានសម្តែងការតវ៉ាយ៉ាងខ្លាំងទៅកាន់អាជ្ញាធរមីយ៉ាន់ម៉ា និងទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើជនល្មើស។
ការវាយប្រហារនេះបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានភាពសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានធ្លាក់ចូលក្នុងភាពវឹកវរចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១។ ស្ថានកុងស៊ុលចិនបានចេញការព្រមានដល់ពលរដ្ឋ អាជីវកម្ម និងក្រុមទាំងអស់របស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពសន្តិសុខ។
សម្ពាធរបស់ចិនលើក្រុមឧទ្ទាម និងដំណើរទស្សនកិច្ចកាលពីខែសីហារបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេមើលឃើញថាជាការគាំទ្រដល់របបយោធា។ នេះបានធ្វើឱ្យមានការរិះគន់ពីសំណាក់សកម្មជន និងប្រជាជនមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលយល់ថាចិនកំពុងរារាំងដល់ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស៕