(ភ្នំពេញ)៖ មានករណីផ្សព្វផ្សាយវីដេអូពីពលរដ្ឋម្នាក់ យកសន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ជាឧបករណ៍ដេញហ្គីតា លេងកម្សាន្ត បណ្តាលឱ្យបាក់ របក ខូច ដែលជាទង្វើមិនគប្បី និងជាគំរូមិនល្អ។
ក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញលិខិត សម្ដែងការសោកស្ដាយ ចំពោះការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតអសារបង់ ដែលជាការខ្ជះខ្ជាយការចំណាយថវិការដ្ឋ។
ខណៈរាជរដ្ឋាភិបាល បានទទួលបន្ទុកចំណាយទាំងស្រុងទៅលើ ការផលិត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មេត្តាយកចិត្តទុកដាក់ថែរក្សាឱ្យបានគត់មត់ ដើម្បីជួយសន្សំ សំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណរបស់ជាតិ៕