មនុស្ស៣នាក់បានស្លាប់ក្នុងករណីយន្តហោះ២គ្រឿងបុកគ្នា នៅថ្ងៃសៅរ៍ (ទី២៦ តុលា) ហើយបានធ្លាក់ចូលទៅក្នុងតំបន់ព្រៃមួយ នៅភាគនិរតីនៃទីក្រុងស៊ីដនី។
ភ្នាក់ងារពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះអូស្ត្រាលី បានទៅដល់កន្លែងយន្តហោះទាំង២ ដែលមានទីតាំងនៅតំបន់ព្រៃចម្ងាយប្រមាណជា ៨៨គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងស៊ីដនី ដោយថ្មើរជើង។ យន្តហោះ១គ្រឿងបានផ្ទុះឆេះដោយសារការធ្លាក់ប៉ះទង្គិចខ្លាំង។
ស្នងការនគរបាលស្ដីទីប្រចាំរដ្ឋ New South Wales លោក Timothy Calman បានបញ្ជាក់ថា យន្តហោះប្រភេទ Cessna 182 ដឹកមនុស្ស ២នាក់ បានបុកជាមួយយន្តហោះធុនស្រាល ដែលហោះចេញពីអាកាសយានដ្ឋានក្បែរនោះ ដែលដឹកមនុស្សម្នាក់។ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីនឹងស៊ើបអង្កេតឧបទ្ទវហេតុនេះ៕