ប្រធានាធិបតី លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា)ថា អ៊ីរ៉ង់មិនចង់ធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការឆ្លើយតបដ៏សមស្របចំពោះការវាយប្រហារនៅសប្តាហ៍នេះលើទីតាំងយោធាអ៊ីរ៉ង់។
លោក Pezeshkian បានប្រាប់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា យើងមិនចង់ធ្វើសង្រ្គាមទេ ប៉ុន្តែយើងនឹងការពារសិទ្ធិរបស់ប្រទេស និងប្រជាជនរបស់យើងដោយបន្តថា អ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបសមស្របទៅនឹងការឈ្លានពានរបស់របប Zionist ។
កាលពីថ្ងៃសៅរ៍ អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើទីតាំងយោធាលើប្រទេសអ៊ីរ៉ង់ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី 1 ខែតុលារបស់ទីក្រុងតេអេរ៉ង់មកលើអ៊ីស្រាអែល ដែលជាការសងសឹកចំពោះការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ និងមេបញ្ជាការឆ្មាំបដិវត្តន៍ម្នាក់។
លោក Pezeshkian បានស្តីបន្ទោសភាពតានតឹងក្នុងតំបន់ដែលកំពុងកើនឡើងលើ “ការឈ្លានពាន” របស់អ៊ីស្រាអែល និងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសនេះ ដែលទីក្រុង Tehran មិនទទួលស្គាល់។
ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយថា “ប្រសិនបើការឈ្លានពាននៃរបប Zionist និងឧក្រិដ្ឋកម្មរបស់វានៅតែបន្ត ភាពតានតឹងនឹងរីករាលដាល” ។
លោក Pezeshkian បានបន្ថែមថា សហរដ្ឋអាមេរិកបានសន្យាថានឹងបញ្ចប់សង្រ្គាមជាថ្នូរនឹងការអត់ធ្មត់របស់យើង ប៉ុន្តែពួកគេមិនបានរក្សាការសន្យារបស់ពួកគេទេ។
អ៊ីរ៉ង់ បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅតំបន់ ហ្កាហ្សាដែលបង្កឡើងដោយការវាយ ប្រហារថ្ងៃទី ៧ ខែ តុលា លើអ៊ីស្រាអែល កាលពីឆ្នាំមុនដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគាំទ្រដោយក្រុងតេហេរ៉ង់ហាម៉ាស៕