Update៖ ប្រធានណាតូនិយាយថា លោកអាចបញ្ជាក់អំពីវត្តមានរបស់ទាហានកូរ៉េខាងជើង នៅរុស្ស៊ី!

លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បាននិយាយថា ទាហានកូរ៉េខាងជើងពិតជាត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ហើយកំពុងឈរជើង នៅក្នុងតំបន់ Kursk។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

លោក Rutte បាននិយាយថា ការដាក់ពង្រាយនេះ ការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងអឺរ៉ុប។ លោកក៏បានព្រមានផងដែរថា ការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្រ្គាមអ៊ុយក្រែន គឺជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ និងអាចនាំឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។

លោក Rutte បាននិយាយថា ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង គឺការកើនឡើងនៃភាពអស់សង្ឃឹមរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ លោកបានបន្ថែមថា ទាហានរុស្ស៊ីជាច្រើនត្រូវបានស្លាប់នឹងរងរបួសនៅក្នុងសង្រ្គាម ហើយលោក ពូទីន មិនអាចបន្តសង្រ្គាមទៀតបានទេ បើគ្មានការគាំទ្រពីកូរ៉េខាងជើង។
គួររំលឹកថា វិមានក្រឹមឡាំងបានច្រានចោលរបាយការណ៍ អំពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងថាជា ព័ត៌មានក្លែងក្លាយ។ ប៉ុន្តែថ្មីៗនេះ លោក ពូទីន ហាក់ដូចជាមិនបានបដិសេធទាំងស្រុងថា ទាហានកូរ៉េខាងជើងបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសរុស្ស៊ីនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *