សមាជិកសភាកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារ ទី២៩ ខែតុលានេះថា មន្ត្រីយោធាជាន់ខ្ពស់ និងកងទ័ពកូរ៉េខាងជើងមួយចំនួន ត្រូវបានដាក់ពង្រាយទៅរុស្ស៊ី អាចនឹងត្រូវផ្លាស់ទៅកាន់សមភូមិជួរមុខ ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
នេះបើយោងតាមសារព័ត៌មាន Reuters។
សមាជិកសភាកូរ៉េខាងត្បូង ពុំបានផ្តល់ពេលវេលាជាក់លាក់ទេ ប៉ុន្តែការអត្ថាធិប្បាយនេះឡើង នៅពេលដែលអង្គការណាតូ បញ្ជាក់ពីការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅកាន់រុស្ស៊ីហើយថា មានទ័ពកូរ៉េខាងជើងខ្លះ បានដាក់ពង្រាយទៅកាន់តំបន់ Kursk ព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន។ លោក Lee Seong-kweun សមាជិកនៃគណៈកម្មាធិការស៉ើបការណ៍ សម្ងាត់សភា បាន ថ្លែងថាយោធារុស្ស៊ីកំពុងបង្រៀនវាក្យស័ព្ទយោធា (ភាសាបច្ចេកទេស) ដល់កងទ័ពកូរ៉េខាងជើង។
គួររំលឹកថា តាមកិច្ចប្រជុំនៃគណៈកម្មាធិការ ស៉ើបការណ៍ សម្ងាត់សភាក្រៅពីកងទ័ពហើយនោះ កម្មករកូរ៉េខាងជើងចំនួន ៤,០០០នាក់ ត្រូវបានបញ្ជូនទៅរុស្ស៊ី។ កូរ៉េខាងជើង ក៏ត្រៀមបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា មួយគ្រឿងផ្សេងទៀតផងដែរ ដោយមានជំនួយផ្នែកបច្ចេកវិទ្យាពីទីក្រុងមូស្គូ៕