កាលពីថ្ងៃសុក្រទី៥ ខែកញ្ញា រដ្ឋាភិបាលលីបង់ បានអនុម័តផែនការសំខាន់មួយរបស់កងទ័ព ដើម្បីធានាថា អាវុធទាំងអស់នៅក្នុងប្រទេសនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងផ្តាច់មុខរបស់រដ្ឋ។
ប្រភពពីសារព័ត៌មានAnadolu។
លោក Paul Marcos រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រាប់សារព័ត៌មានថា គណៈរដ្ឋមន្ត្រីបានស្តាប់ និងអនុម័តផែនការដែលកងទ័ពបានដាក់ស្នើ ហើយនឹងទាមទារឱ្យមេបញ្ជាការកងទ័ព រាយការណ៍ប្រចាំខែទៅកាន់រដ្ឋាភិបាល។ គាត់បញ្ជាក់ថា កងទ័ពនឹងអនុវត្តតាមផែនការនេះស្របតាមសមត្ថភាពភស្តុភារ ហិរញ្ញវត្ថុ និងធនធានមនុស្ស។
រដ្ឋាភិបាលបានបញ្ជាក់ផងដែរថា លីបង់នៅតែទទូចឲ្យអ៊ីស្រាអែលគោរពដល់ដំណោះស្រាយលេខ 1701 របស់អង្គការសហប្រជាជាតិ ដែលអនុម័តនៅឆ្នាំ 2006 ដើម្បីបញ្ចប់សង្គ្រាម និងដកកងកម្លាំងអ៊ីស្រាអែលចេញពីភាគខាងត្បូងលីបង់។ ទោះយ៉ាងណា អ៊ីស្រាអែលត្រូវបានចោទប្រកាន់ថាបានបន្តរំលោភកិច្ចព្រមព្រៀងនេះ។
ក្នុងពេលជាមួយគ្នា ការអនុម័តផែនការកងទ័ពបានបង្កឲ្យមានវិវាទនយោបាយ។ រដ្ឋមន្ត្រីស៊ីអ៊ីតចំនួនប្រាំរូប ព្រមទាំងអ្នកតំណាងមកពីចលនា Amal និង Hezbollah បានដកខ្លួនចេញពីសម័យប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីតវ៉ាចំពោះការពិភាក្សាអំពីផែនការនេះ៕