សេចក្តីណែនាំ ស្តីពីការពង្រឹងគុណភាពផ្នែកសេវាកម្មទេសចរណ៍ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក!

(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយ សាមគ្គីភាព ភាពស្និតស្នាល និងសប្បាយរីករាយក្រោមម្លប់សន្តិភាព។

ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្ត ទៅរយៈពេល៣ថ្ងៃគឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកាឆ្នាំ២០២៤ នាពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួម ទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ-អន្តរជាតិដែលអញ្ជើញចូលរួមទស្សនា និងកម្សាន្តសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដូចតទៅ៖- ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភ័ណភាពនៅតាម មូលដ្ឋានអាជីវកម្ម៖- ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្មអាជីវកម្ម របស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ។ដោយមាន បំពាកផ្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និង យានយន្តដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។
-ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅផ្នែក ខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គ ទាំងបី ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង
– រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅទីតាំងអាជីវកម្មរបស់ប្រតិបត្តិករ ទេសចរណ៍ សូមបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ- ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃនិង លក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការ ពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍
– ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបាន ល្អប្រសើរ។
– ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលបុគ្គលិកអំពីការទទួលបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងរៀបចំឱ្យបុគ្គលិកមាន ឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗពិសេសស្នើសុំឱ្យមានការបញ្ចូលលក្ខណៈជាខ្មែរ
– ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបាន ញឹកញាប់ និងមានសម្ភារគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ ក្រដាស ជាដើម។ សូមបែងចែង រវាងបន្ទប់ទឹកបុរស និងនារី និងរក្សាឱ្យមានសុវត្ថិភាព។
– ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវជាតិអន្តរជាតិចូលរួមឱ្យបានសកម្មនូវយុទ្ធនាការ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” – ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាលក្រសួង ទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ទទួលបានសេចក្តីណែនាំនេះប្រតិបត្តិករទេសចរណ៍ទាំងអស់ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវចូលរួមសហការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តតាមសេចក្តីណែនាំនេះប្រកបដោយការ ទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version