ក្រុងប៉េកាំងបាននិយាយថា រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ក្រុមបានព្រមព្រៀងគ្នា។
លើបទឈប់បាញ់ជាបណ្ដោះអាសន្ន ប៉ុន្តែភាគីជម្លោះទាំងពីរ មិនបានប្រកាសជាផ្លូវការ អំពីការឯកភាពគ្នាលើរឿងរ៉ាវនេះនោះឡើយ។
ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ។
បន្ទាប់ពីទីក្រុងប៉េកាំងបានជួយសម្របសម្រួលកិច្ចចរចាសន្តិភាព ហើយភាគីជម្លោះទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ចចរចារកសន្តិភាពបន្ថែមទៀតផងដែរ ។
ទោះយ៉ាងណា តំណាងរបស់ប្រទេសចិនមិនបានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ។
ក៏ដូចជារយៈពេលដែលបទឈប់បាញ់នេះត្រូវបន្ត ឬអស់សុពលភាពនៅពេលណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា កិច្ចចរចាមួយផ្សេងទៀតនឹងត្រូវរៀបចំឡើងនៅចុងខែធ្នូនេះ។
ជាមួយគ្នានោះ កិច្ចព្រមព្រៀងបទឈប់បាញ់នេះកើតមានឡើង ស្របពេលដែលយោធាមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរទៅៗជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន៣ ក្រុម ។
បន្ទាប់ពីក្រុមទ័ពព្រៃទាំងនេះព្រួតដៃគ្នាបើកការវាយលុកនៅភាគខាងកើតរដ្ឋ Shan ដែលជាប់ព្រំដែនប្រទេសចិនកាលពីចុងខែតុលា ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ។
ខណៈកាលពីពេលថ្មីៗនេះ សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់ព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕