វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ(ទី១១ខែវិច្ឆិកា)ចេញមុខច្រានចោលអំពីព័ត៌មាន ដែលថាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានសន្ទនាគ្នាតាមទូរស័ព្ទ កាលពីសប្តាហ៍មុន ហើយជជែកអំពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
កាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា សារព័ត៌មានអាមេរិក The Washington Post បានរាយការណ៍ថា លោក ត្រាំ បាននិយាយទូរស័ព្ទជាមួយលោក ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយបានប្រាប់លោកប្រធានាធិបតីរុស្ស៊ីថា កុំឱ្យបញ្ឆេះភ្លើងសង្រ្គាមបន្ថែមទៀត។ រីឯទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍ដែរថា កិច្ចសន្ទនាទូរស័ព្ទរវាង លោក ត្រាំ និងលោក ពូទីន ពិតជាបានកើតឡើង។
យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សេចក្តីរាយការណ៍នោះ គឺជាព័ត៌មានមិនពិតទាំងស្រុង ដោយមិនមាន ការនិយាយទូរស័ព្ទណាមួយ រវាងលោក ត្រាំ និងលោក ពូទីន ត្រូវបានធ្វើឡើងឡើយ ហើយមិនតែប៉ុណ្ណោះ នាពេលនេះ លោក ពូទីន ក៏មិនមានផែនការជាក់លាក់ ដើម្បីសន្ទនាជាមួយ លោក ត្រាំ ដែរ។
សូមជម្រាបថា លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាផ្លូវការ ដើម្បីត្រឡប់មកដឹកនាំអាមេរិកជាថ្មី ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក៕