(ព្រៃវែង)៖ ក្រុមគ្រួសារសាច់ញាតិជនត្រូវចោទម្នាក់បានលើកឡើងថា លោក យ៉ង់ ពន្លក ក្រឡាបញ្ជីនៃសាលាដំបូងខេត្តព្រៃវែង បានកំណត់យកលុយពីខ្លួនបានសម្រេចចំនួន៣.៥០០ដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យយុវជនម្នាក់ បាននៅក្រៅឃុំបណ្ដោះអាសន្ន…!។
ខណៈស្ដ្រីម្នាក់ទៀត ក៏បានសម្ដែងការឈឺចាប់ ដោយអះអាងស្រដៀងគ្នាថា លោក យ៉ង់ ពន្លក បានគាបសង្កត់កំណត់យកលុយពីខ្លួន បានសម្រេចជាបន្តបន្ទាប់សរុបជាង ២.០០០ដុល្លារ ជាថ្នូរនឹងចេញដីការក្សាការពារដីស្រែ១កន្លែង និងតែងតែទារលុយពីខ្លួន នៅពេលស្នើសុំពន្លឿននីតិវិធី ឬបំពេញឯកសារជាដើម។ល។
-ករណីនេះលោក យ៉ង់ ពន្លកក៏ដូចជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង បានថ្លែងស្រដៀងគ្នាថា”មិនបានដឹងរឿង”និងរុញឱ្យសួរពីមួយទៅមួយបណ្ដាក់គ្នាដូចខ្យង…។
-ទាក់ទិនបញ្ហានេះលោកស្រី សេង ស៊ីវឡាងនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានអះអាងប្រាប់(ដើមរាំង)ថា កាលពីកំឡុងឆ្នាំ២០២០ លោកស្រីបានស្នើសុំដីការក្សាការពារដីស្រែ១កន្លែង…!។
ដោយពេលនោះលោក យ៉ង់ ពន្លក បានកំណត់យកលុយពីខ្លួន ចំនួន១.០០០ដុល្លារជាកំហិត គឺសុំថ្លៃមិនចុះឡើយ..!ហើយលោកស្រី ក៏បានដាក់ស្រោមសំបុត្រនិងហុចលុយផ្ទាល់ដៃឱ្យទៅលោក យ៉ង់ ពន្លក តាមការទាមទារតែម្ដងទៅ!។
បន្ទាប់មកលោក យ៉ង់ ពន្លក បានរៀបចំឯកសារ និងចេញដីកាសម្រេចរក្សាការពារលេខ ៥៦ /២០២០ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០របស់សាលាដំបូងខេត្តព្រៃវែង។
ប៉ុន្តែដោយសារលោក យ៉ង់ ពន្លក ធ្វើការឆិនឆៃនិងខ្ជះខ្ជាយ ជាហេតុនាំឱ្យខ្លឹមសារក្នុងដីកានោះ”មិនមានអត្ថន័យគ្រប់គ្រាន់និងគ្មានតម្លាភាព”ហើយលោកស្រី ក៏បានស្នើសុំដីការក្សាការពារម្ដងទៀត ពោលគឺដីការក្សាការពារលើកទី២ ចេញដោយលោកចៅក្រម ហួត ហ៊ាង ។
លោកស្រី សេង ស៊ីវឡាង បន្តថា នៅពេលលោកស្រី ទៅជួបម្ដងៗ គឺលោក យ៉ង់ ពន្លក តែងតែទារលុយពីខ្លួនជាហូរហែ សរុបទៅជាង២.០០០ដុល្លារហើយ ដែលលោកស្រី បានប្រគល់ឱ្យលោក យ៉ង់ ពន្លក ផ្ទាល់ដៃ ជាថ្នូរនឹងចេញដីការក្សាការពារ និងធ្វើលិខិតកោះហៅបំភ្លឺ ឬពន្លឿននីតិវីធី លើសំណុំរឿងជាដើម…!។
ក្នុងនោះលោក យ៉ង់ ពន្លក តែងតែធ្វើទុក្ខបុកម្នេញ ដោយប្រើពាក្យសម្ដីគំរោះគំរើយ ទ្រគោះបោះបោក គ្មានក្រមសីលធម៌ និងប្រមាថចាប់ខ្លួន លោកស្រី ដាក់គុកទៀតផង។
លោកស្រី សេង ស៊ីវឡាង អះអាងទៀតថា នៅពេលខ្លួន ទៅដកប្រាក់ដែលតម្កល់ទុកនៅតុលាការខេត្តព្រៃវែង! ត្រូវបានលោកស្រី អាត សុខន ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តព្រៃវែង ដែលត្រូវជាភរិយារបស់លោក យ៉ង់ ពន្លក បានយកលុយពីខ្លួនចំនួន៥០ម៉ឺនរៀល!.ប៉ុន្តែលោកស្រី សេង ស៊ីវឡាង តាមតវ៉ានិងទារយកមកវិញបានចំនួន២០ម៉ឺនរៀល។
ជាមួយគ្នានោះ ក្រុមគ្រួសារយុវជនត្រូវចោទម្នាក់ បានលើកឡើងថា លោក យ៉ង់ ពន្លក ក្រឡាបញ្ជីនៃសាលាដំបូងខេត្តព្រៃវែង បានកំណត់យកលុយពីខ្លួនបានសម្រេចចំនួន៣.៥០០ដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យជនត្រូវចោទម្នាក់ ដែលប្រើចម្ពាមកៅស៊ូ បាញ់បង្អួចផ្ទះរបស់គេ បាននៅក្រៅឃុំបណ្ដោះអាសន្ន…!។
ប្រភពដដែលបញ្ជាក់ថា ដើមចមដំបូងកាលពីខែមេសា ឆ្នាំ២០២៣ យុវជនឈ្មោះ យ៉ុន វណ្ណះ បានប្រើចម្ពាមកៅស៊ូ បាញ់ទៅលើបង្អួចនៃផ្ទះរបស់ជនរងគ្រោះ នៅឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ក្រោយមកសមត្ថកិច្ច បានឃាត់ខ្លួនបញ្ជូនមកកាន់តុលាការ ហើយលោក យ៉ង់ ពន្លក អ្នកកាន់សំណុំរឿង បានកំណត់យកលុយពីក្រុមគ្រួសារជនត្រូវចោទ សរុបចំនួន៤.៥០០ដុល្លារ.ទើបព្រមដោះលែងឱ្យនៅក្រៅឃុំ..!។
ជាក់ស្ដែង លុយចំនួន៤.៥០០ដុល្លារនេះ បង់ឱ្យលោក យ៉ង់ ពន្លក ចំនួន៣.០០០ដុល្លារ ជាថ្លៃរៀបចំឯកសារស៊ីញេឱ្យនៅក្រៅឃុំ.និង១.០០០ដុល្លារទៀត សម្រាប់តម្កល់ទុកនៅតុលាការ ក្នុងការបំពេញនីតិវិធីធានានៅក្រៅឃុំ..!។
ចំណែក៥០០ដុល្លារទៀត គឺលោក យ៉ង់ ពន្លក កោសរូសសំឡុតទារពីគ្រួសារជនត្រូវចោទ ដោយមិនឱ្យចៅក្រមដឹងនោះទេ! ក្រោមហេតុផលថា យកទៅទិញថ្នាំលាបផ្ទះរបស់ខ្លួន ដោយពេលនោះលោក យ៉ង់ ពន្លក កំពុងសាងសង់ផ្ទះ…។
-ឆ្លើយតបនិងការលើកឡើងខាងលើ នៅរសៀលទី១២.១១.២០២៤ (ដើមរាំង)បានសុំការបំភ្លឺពីលោក យ៉ង់ ពន្លក ក្រឡាបញ្ជីនៃសាលាដំបូងខេត្តព្រៃវែងដោយលោកថ្លែងយ៉ាងខ្លីថា ខ្ញុំមិនដឹងរឿងអ្វីទេ និងរុញឱ្យទៅសួរអ្នកនាំពាក្យ.!។
-រីឯលោក អ៊ុក សុភានិត អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង បានបដិសេធមិនបកស្រាយឡើយ ដោយរុញឱ្យទៅសួរអ្នកនាំពាក្យម្នាក់ទៀត..។
-ចំណែកលោកស្រី អាត សុខន ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តព្រៃវែង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែងបានថ្លែងថា ខ្ញុំមិនដឹងរឿងទេ ចាំមើលនាងខ្ញុំសួរនាំគេសិន!។
-ជុំវិញរឿងនេះស្ដ្រីរងគ្រោះខាងលើ សូមស្នើយ៉ាងទទូចដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាចាត់វិធានការវះកាត់ចំពោះលោក យ៉ង់ ពន្លក និងលោកស្រី អាត សុខន កុំមានការយោគយល់ឱ្យសោះ..!។
ដោយគាត់អះអាងថា មន្ត្រី២នាក់នេះ បានគាបសង្កត់កំណត់យកលុយពីខ្លួនរួមនិងពលរដ្ឋដទៃទៀត តាមតែអំពើចិត្ត.!ជាហេតុនាំឱ្យការអនុវត្តច្បាប់ មិនមានតម្លាភាព ប៉ះពាល់សតិអារម្មណ៍ពលរដ្ឋ៕