Update៖ ប្រធានាធិបតីតួកគី អំពាវនាវឱ្យមានការដាក់ទណ្ឌកម្ម និងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល!

លោក Tayyip Erdogan ប្រធានាធិបតីតួកគី បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើអ៊ីស្រាអែល និងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីធ្វើឱ្យប្រទេសនេះឯកោចេញពីពិភពលោកទាំងមូល។
ប្រភពពីសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤។
តាមគំនិតលោក Erdogan លើការហាមឃាត់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល ត្រូវបានគាំទ្រដោយប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ចំនួន ៥២ និងអង្គការអន្តរជាតិចំនួន ២។ តួកគី ក៏ត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តផែនការ ធ្វើឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Netanyahu បង់ថ្លៃសំណងសម្រាប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីន ផងដែរ។
ទូរទស្សន៍ TRT Haber របស់តួកគី បានដកស្រង់សម្តីលោក Erdogan នៅក្នុងកិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម ដូច្នេះថា «គោលដៅអ៉ីស្រាអែល គឺការតាំងលំនៅក្នុងតំបន់ហ្កាហ្សា លុបបំបាត់សហគមន៍ប៉ាឡេស្ទីននៅ West Bank ហើយចុងក្រោយកាត់បញ្ចូលជាទឹកដីរបស់ខ្លួន»។
លោក Erdogan បន្ថែមថា ខណៈប្រទេសលោកខាងលិចមួយចំនួនតូច កំពុងគាំទ្រអ៊ីស្រាអែលក្នុងផ្នែកយោធា នយោបាយ សេដ្ឋកិច្ច និងសីលធម៌ ប្រតិកម្មមិនគ្រប់គ្រាន់ ពីសំណាក់បណ្តាប្រទេសមូស្លីម នាំឱ្យស្ថានភាពក្លាយជាបែបនេះ។ វាផ្តល់សារៈសំខាន់ណាស់ ដែលយើងត្រូវចាត់វិធានការដាក់ទណ្ឌកម្មអាវុធ បញ្ឈប់ការធ្វើពាណិជ្ជកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *