(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចទី១២.១១.២០២៤ បានសម្រេចឃុំខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ«ប៉ុនប៉ងក្នុងបទសូកប៉ាន់»ក្រោយជនត្រូវចោទរូបនេះ ចំណាយប្រាក់ចំនួន៥៧ម៉ឺនដុល្លារ យកទៅប្រគល់ឱ្យលោក លី សាម៉េត(ហៅគ្រូមា)និងលោក ឡាច សំរោង ដើម្បីរត់ការចង់យកតំណែង ជាអភិបាលខេត្ត…!។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៧៣០៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទមានខ្លួនឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស អាយុ ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ«ប៉ុនប៉ងក្នុងបទសូកប៉ាន់» ព្រមទាំងជនត្រូវចោទចំនួន ២នាក់ទៀត ។
គឺ១.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ)។
និង២.ឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ«ប៉ុនប៉ងក្នុងបទសូកប៉ាន់»ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
អ្នកនាំពាក្យអះអាងថា ដំណើររឿងដែលនាំឱ្យមានការចោទប្រកាន់នេះ គឺឈ្មោះ ឡាយ វិសិដ្ឋ បានយកប្រាក់ចំនួន ៥៧០,០០០ដុល្លារ ទៅឱ្យឈ្មោះ លី សាម៉េត និងឈ្មោះ ឡាច សំរោង ដោយមានចេតនា ដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបានតំណែងជាអភិបាលខេត្ត។
-ពាក់ព័ន្ធអំពើ(ឆបោក)និងសូកប៉ាន់ជាមួយលោក លី សាម៉េត(ហៅគ្រូមា)នេះដែរ។
សមត្ថកិច្ចបានឃាត់ខ្លួនលោក កន សុកកាយ អតីតអភិបាលស្រុកល្វាឯម រឿងយកលុយ៣០ម៉ឺនដុល្លារ ទៅប្រគល់ឱ្យលោក លី សាម៉េត ដើម្បីរត់ការចង់បានតំណែង ជាអភិបាលក្រុងអរិយក្សត្រ។
ជាមួយគ្នានោះ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក មួង ឃីម.លោកឧកញ៉ា អ៊ុត ធី.លោក លោក លី សាម៉េត (ហៅគ្រូមា).លោក ដួង តារា អតីតរដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី.ពាក់ព័ន្ធអំពើ(ឆបោក)លុយរាប់ម៉ឺនដុល្លារ ស៊ីសំណូក រត់ការចង់បានមុខតំណែង៕