Update៖ ហ្វាំងឡង់ថា ការបង្ខំអ៊ុយក្រែនឱ្យទទួលលក្ខខ័ណ្ឌដែលមិនសមស្របមិនមែនជាដំណោះស្រាយសន្តិវិធីទេ!

លោកស្រី Elina Valtonen រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ បាននិយាយថា ការបង្ខំអ៊ុយក្រែនឱ្យទទួលយកអ្វីដែលខ្លួនមិនចង់បាន មិនមែនជាដំណោះស្រាយសន្តិវិធីចំពោះវិបត្តិជាមួយរុស្ស៊ីឡើយ។ខណៈទីក្រុងមូស្គូក៏មិនគួរឱ្យទុកចិត្តដែរ ថាអាចប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលខ្លួនចុះហត្ថលេខា។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ស្ថិតក្រោមអំណាចគ្រប់គ្រងរបស់រុស្ស៊ីជាង ១០០ឆ្នាំ ហ្វាំងឡង់ទទួលបានឯករាជ្យនៅឆ្នាំ ១៩១៧។ មកដល់ឆ្នាំ ១៩៣៩ ហ្វាំងឡង់ បានរងនូវការឈ្លានពានរបស់អតីតសូវៀតជាថ្មីម្តងទៀត។ នៅពេលសង្រ្គាមចប់សព្វគ្រប់ ហ្វាំងឡង់ ចំណាយពេលរាប់ឆ្នាំដើម្បីរក្សាមិត្តភាព និងសម្របសម្រួលទំនាក់ទំនង ជាមួយប្រទេសជិតខាងភាគខាងកើតរបស់ខ្លួន។
ក្នុងបទសម្ភាសន៍ជាមួយ Reuters នៅខាងក្រៅវេទិកាសន្តិភាពទីក្រុងប៉ារីស លោកស្រី Valtonen និយាយថា មានហ្វាំងឡង់ជាគំរូស្រាប់។ ដំបូងឡើយទីក្រុង Helsinki បានវាយបករុស្ស៉ីក្នុងសង្គ្រាមលោកលើកទី ២។ ប៉ុន្តែទោះជាមានសន្តិភាពហើយក្តី ក៏នៅតែបន្តការពារខ្លួនពីជម្លោះថ្មីទៀត។ លោកស្រីគូសបញ្ជាក់ថា «ខ្ញុំ ប្រឆាំង នឹងជម្រើសរក្សា អព្យាក្រឹតភាព។ ដំណោះស្រាយរបៀបនេះ នឹងមិនធ្វើឱ្យបញ្ហារលត់បាត់ឡើយ។ លោកស្រីលើកជាសំណួរថា តើរុស្ស៉ីគួរឱ្យទុកចិត្តបានទេ ក្រោយពេលមានកិច្ចព្រមព្រៀង ដែលបង្ខំឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹតនោះ?»។
គួរបញ្ជាក់ថាហ្វាំងឡង់មានព្រំដែនប្រវែង ១៣០០គីឡូម៉ែត្រជាមួយរុស្ស៊ី។ បន្ទាប់ពីសង្រ្គាមរុស្ស៊ីអ៊ុយក្រែនផ្ទុះឡើងហ្វាំងឡង់និងប្រទេសជិតខាងស៊ុយអែតបានបោះបង់គោលនយោបាយមិនចូលបក្សសម្ព័ន្ធ ហើយងារទៅរកសម្ព័ន្ធភាព ជាមួយអង្គការណាតូ។
រុស្ស៊ី បានទាមទារឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹត ហើយជំទាស់នឹងការចូលជាសមាជិកអង្គការណាតូ។ ស្របពេលដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក រំពឹងថានឹងបញ្ចប់សង្រ្គាមឱ្យបានលឿន សេណារីយ៉ូមួយ ដែលកំពុងបង្កការព្រួយបារម្ភ នោះអាចជាការបង្ខំឱ្យអ៊ុយក្រែនរក្សាអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version