Update៖ តៃវ៉ាន់ ថាខ្លួនពុំទាន់មានកិច្ចចរចាថ្មីក្នុងការទិញអាវុធពីអាមេរិកទេ!

រដ្ឋបាលកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) បាននិយាយថាបច្ចុប្បន្ន មិនមានឡើយដំណាក់កាលថ្មីនៃកិច្ចចរចាជាមួយអាមេរិកពាក់ព័ន្ធនឹងការលក់អាវុធ ខណៈតៃវ៉ាន់ កំពុងពិចារណាថាតើត្រូវឆ្លើយតបយ៉ាងណា ចំពោះការទាមទាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ឱ្យទីក្រុងតៃប៉ិ បង់ថ្លៃការពារ។
ប្រភពពីសារព័ត៌មាន Reuters។
ការបញ្ជាក់របស់រដ្ឋបាលតៃវ៉ាន់ ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ថាតៃប៉ិ មានផែនការទិញអាវុធយ៉ាងសម្បើមពីអាមេរិក។ រដ្ឋបាលតៃវ៉ាន់បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រឈមមុខនឹងការកើនឡើងការគំរាមកំហែងពីយោធាចិន តៃវ៉ាន់ និងប្រទេសក្បែរខាងរបស់ខ្លួន បាននិងកំពុងបន្តពង្រឹងសមត្ថភាពការពារខ្លួនឯង ដែលនេះបង្ហាញពីការប្ដេជ្ញាចិត្តការពារខ្លួន ដោយពឹងលើ ខ្លួនឯង។ សេចក្ដីថ្លែងការណ៍នេះដដែល បានបន្ថែមថា «ពិតណាស់វាជាពេលសម្រាប់កិច្ចពិភាក្សារវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកស្ដីពីតម្រូវការយោធា។ ប៉ុន្តែនៅខណៈពេលនេះ គ្មានដំណាក់កាលថ្មីនៃ កិច្ចចរចានោះទេ»។
សូមជម្រាបថា លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីសម្រាប់អាណត្តិទី២ កាលពីសប្ដាហ៍មុន បានធ្វើឱ្យតៃវ៉ាន់ច្របូកច្របល់ចិត្ត បន្ទាប់ពីលោកបាននិយាយថាតៃវ៉ាន់ត្រូវបង់ថ្លៃការពារឱ្យអាមេរិក ហើយថែមទាំងបានចោទប្រកាន់ទៀតផងថាតៃវ៉ាន់បានលួចឧស្សហកម្មផលិតបន្ទះឈីបពីសហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version