ទីក្រុងញូវដេលី ប្រទេសឥណ្ឌា កំពុងជួបប្រទះបញ្ហាអ័ព្ទពុលយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការធ្លាក់ចុះនៃសីតុណ្ហភាព និងការកើនឡើងនៃការបំពុលបរិយាកាស។ អ័ព្ទពុលនេះ បានធ្វើឱ្យបរិយាកាសពិបាកមើលនៅតំបន់មួយចំនួន ដែលបង្ខំឱ្យអាជ្ញាធរអាកាសយានដ្ឋាន ចេញការព្រមានអំពីការរំខានដល់ជើងហោះហើរ។
ប្រភពពីសារព័ត៌មាន Reuters។
ទីក្រុងដេលី បានវ៉ាដាច់ទីក្រុង Lahore របស់ប្រទេសប៉ាគីស្ថាន ក្លាយជាទីក្រុងដែលមានការបំពុលខ្លាំងបំផុត នៅលើពិភពលោក នេះបើយោងតាមចំណាត់ថ្នាក់របស់ក្រុម IQAir របស់ប្រទេសស្វីស។ សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅទីក្រុងដេលី បានកើនឡើងលើស ១,០០០ ដែលត្រូវបានចាត់ទុកថា «មានគ្រោះថ្នាក់ខ្លាំង»។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយថា ការបំពុលបានកាត់បន្ថយការមើលឃើញមកត្រឹម ១០០ ម៉ែត្រនៅកន្លែងខ្លះ ខណៈអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi របស់ទីក្រុងដេលី បានចាប់ផ្តើម «នីតិវិធីសុវត្ថិភាព» ដើម្បីធានាសុវត្ថិភាពហោះហើរ ប៉ុន្តែបានព្រមានថាជើងហោះហើរមួយចំនួនអាចនឹងរងផលប៉ះពាល់។
សូមជម្រាបថា ទីក្រុងនេះតែងតែជួបប្រទះបញ្ហាបំពុលបរិយាកាសធ្ងន់ធ្ងរ នៅរដូវរងា ដោយសារតែកត្តាផ្សេងៗ រួមទាំងខ្យល់ខ្លាំង ធូលីដី ការបំភាយឧស្ម័ន និងផ្សែងចេញពីការដុតកសិផលនៅក្នុងរដ្ឋជិតខាង៕