ក្នុងពិធីបុណ្យអំបុក នៅវត្តជុំគ្រៀលខេត្តកំពត ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរណ៍!

(កំពត)៖ នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា នៅវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត មានរៀបចំពិធីបុណ្យមហាអំបុក ដើម្បីបង្ហាញឧបករណ៍ និងរបៀបបោកបែនស្រូវ ការកិនស្រូវដោយត្បាល់ ពិសេសរបៀបដាល់អំបុកតាមប្រពៃណីដូនតា ឲ្យយុវជនជំនានក្រោយបានដឹង និងចេះធ្វើ។

គ្រូបង្រៀន ពលរដ្ឋ និងព្រះសង្ឃស្នើឲ្យនៅតាមភូមិ និងវត្តអារាម គួររៀបចំធ្វើបុណ្យនេះឲ្យបានរាល់ឆ្នាំ ដើម្បីរួមគ្នាថែររក្សាប្រពៃណីដាល់អំបុក កុំឲ្យបាត់បង់។

គ្រូបង្រៀនបឋមសិក្សា និងជានិស្សិតផង បានបង្ហាញចំណាប់អារម្មណ៍ចំពោះការរៀបចំពិធីបុណ្យមហាអំបុក នៅវត្តជុំគ្រៀលថា ការរៀបចំបានស្អាត និងមានអ្នកចូលរួមច្រើន។

ពិធីនេះក៏បានបង្ហាញវប្បធម៌ប្រពៃណី ទំនៀមទម្លាប់រស់នៅរបស់ខ្មែរ ពិសេសរបៀបដាល់អំបុកតាមបែបប្រពៃណីដូនតា ឲ្យក្មេងៗជំនាន់ក្រោយរៀនធ្វើតាម។ ពួគគាត់ស្នើឲ្យគ្រប់ភូមិ និងវត្តអារាមគួររៀបចំពិធីបុណ្យមហាអំបុកឲ្យបានជារៀងរាល់ឆ្នាំ។

អ្នកភូមិជុំគ្រៀលដែលបានចូលរួមដាល់អំបុក បានបង្ហាញភាពសប្បាយរីករាយ និងចង់ឲ្យពិធីបុណ្យមហាអំបុកនេះ រៀបចំឡើងរាល់ឆ្នាំ ដើម្បីឲ្យក្មេងៗបានចូលរួមរៀនដាល់អំបុក សប្រាប់ទុកហូបក្នុងរង្វង់គ្រួសារផង និងសម្រាប់ទទួលទានរួមគ្នា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកផង។

ព្រះធម្មចារី ហ៊ីង សុង ធម្មធម៌គណខេត្តកំពត និងជាព្រះគ្រូសូត្រស្តាំ វត្តជុំគ្រៀល បានមានសង្ឃដីការថា ពិធីបុណ្យមហាអំបុកវត្តជុំគ្រៀល តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល២ថ្ងៃ ដោយចាប់ពីម៉ោង៦ល្ងាចរហូតទៅដល់យប់។

ពីមួយឆ្នាំទៅមួយឆ្នាំ យុវជនបានចូលរួមកាន់តែច្រើន ប៉ុន្តែដើម្បីតែកម្សាន្តសប្បាយប៉ុណ្ណោះ ពួកគាត់មិនបាន យក ចិត្តទុកដាក់ ចង់រៀនឲ្យចេះនោះទេ ហើយទៅថ្ងៃខាងមុខ ព្រះអង្គព្រួយបារម្ភខ្លាច ការដាល់អំបុកតាមបែបប្រពៃណីដូចតាអាចនឹងបាត់ បង់ ដោយសារគ្មានអ្នកចេះ ។

តាមការបញ្ជាក់ សម្រាប់បុណ្យមហាអំបុកនៅវត្តជុំគ្រៀលឆ្នាំនេះបាន ទិញត្បាល់អង្រែក្អមនិងឧបករណ៍សម្រាប់ដាល់អំបុកចំនួន ១២ឈុតដើម្បីឲ្យយុវជននិងអ្នកភូមិអាចនាំគ្នារៀនដាល់អំបុកបានច្រើនគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *