លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)នេះ បានចេញមុខការពារការសម្រេចចិត្តរបស់លោក ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃសុក្រកន្លងទៅ ចំពេលមានការរិះគន់។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នករិះគន់ទាំងនោះ រួមទាំងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy មិនពេញចិត្ត ចំពោះការសម្រេចចិត្តរបស់លោក Scholz ក្នុងការទូរស័ព្ទទៅលោក Putin នោះទេ។ ពួកគេយល់ថា ការសន្ទនានេះ បង្កផលប៉ះពាល់ ដល់សាមគ្គីភាពរបស់លោកខាងលិច ក្នុងការប្រឆាំងនឹងរុស្ស៊ី ហើយថា លោក Scholz គ្រាន់តែធ្វើបែបនេះ ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន មុនការបោះឆ្នោតនៅអាល្លឺម៉ង់។
លោក Scholz បានបញ្ជាក់ថា ការសន្ទនានេះ មិនបានបង្ហាញពីការផ្លាស់ប្តូរទស្សនៈរបស់លោក Putin លើសង្រ្គាមនៅអ៊ុយក្រែនទេ ប៉ុន្តែវាមានសារៈសំខាន់ក្នុងការបញ្ជាក់ជំហររបស់លោកខាងលិច និងជំរុញឱ្យរុស្ស៊ីបញ្ចប់សង្រ្គាម។ លោកបានបន្ថែមថា វាជាការសំខាន់ ដែលមេដឹកនាំអឺរ៉ុប ត្រូវចូលរួមក្នុងការសន្ទនាជាមួយរុស្ស៊ីដើម្បីបញ្ជាក់ពីសាមគ្គីភាព និងរក្សាការប្រាស្រ័យទាក់ទង។
សូមជម្រាបថា ការសន្ទនានេះធ្វើឡើងដោយការបើកចំហរបស់លោកខាងលិច ក្នុងការស្វែងរកដំណោះស្រាយ តាមរយៈការចរចានិងការទូតជាមួយរុស្ស៊ី ទោះបីជាសង្រ្គាមនៅអ៊ុយក្រែននៅតែបន្តក៏ដោយ៕