បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ នឹងត្រូវចូលជាធរមាននៅថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា)នេះ បន្ទាប់ពីភាគីទាំង២យល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង។
ប្រភពពីសារព័ត៌មាន Reuters។
លោក បៃដិន ដែលបានធ្វើការប្រកាសខាងលើនៅឯសេតវិមាន កាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា នៅក្រោយគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបោះឆ្នោតអនុម័តលើបទឈប់បាញ់ ក្នុងសំឡេងគាំទ្រ១០ ទល់នឹង ១សំឡេងជំទាស់ ក៏បានឱ្យដឹងដែរថារូបលោកបានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្នលីបង់ Najib Mikati។ បើតាមលោក បៃដិន បទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡា គឺមានរយៈពេល៦០ថ្ងៃ ហើយនឹងត្រូវចូលជាធរមាន នៅម៉ោង ៤ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់)។
គួរបញ្ជាក់ថា នៅក្រោមបទឈប់បាញ់អ៊ីស្រាអែលនឹងត្រូវដកកងទ័ពបន្តិចម្ដងៗចេញពីតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ ក្នុងពេល៦០ថ្ងៃ រីឯកងទ័ពលីបង់នឹងត្រូវគ្រប់គ្រង ទឹកដីនៅក្បែរព្រំដែនជាមួយអ៊ីស្រាអែល ដើម្បីធានាថាហេសបូឡានឹងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះបាន៕