កងទ័ពអ៊ីស្រាអែលកាលពីព្រឹកថ្ងៃព្រហស្បតិ៍(ទី២៨ខែវិច្ឆិកា)បានសម្លាប់ជនជាតិប៉ាឡេស្ទីន19 នាក់នៅក្នុងការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលសង្រ្គាមប្រល័យពូជសាសន៍នៅតែបន្តឥតឈប់ឈរអស់រយៈពេលជាង 14 ខែ។
ប្រភពពីសារព័ត៌មានAnadolu។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ Anadolu ថាជនជាតិប៉ាឡេស្ទីនបួននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះពីរដែលជាកម្មសិទ្ធិរបស់គ្រួសារ “Sahwail” និង “Zaqqout” នៅក្នុងតំបន់គម្រោង Beit Lahia នៅភាគខាងជើង Gaza Strip ។
ជនជាតិប៉ាឡេស្ទីនម្នាក់ទៀតត្រូវបានសម្លាប់នៅក្នុងតំបន់ Saftawi ភាគខាងជើងទីក្រុង Gaza ខណៈដែលការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ីស្រាអែលនៅតែបន្ត។
នៅតំបន់ហ្គាហ្សាស្ទ្រីបកណ្តាល ជនជាតិប៉ាឡេស្ទីន៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Nuseirat នេះបើយោងតាមប្រភពវេជ្ជសាស្ត្របានប្រាប់ Anadolu ។
យោងតាមប្រភពក្នុងស្រុក ថាកងទ័ពអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកដោយគ្រាប់កាំភ្លើងធំនៅតំបន់ភាគពាយ័ព្យនៃទីក្រុងNuseirat។
ប្រភពវេជ្ជសាស្រ្តមួយក៏បានប្រាប់ Anadolu ថាជនជាតិប៉ាឡេស្ទីនបួននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតង់សម្រាប់ជនភៀសខ្លួននៅក្នុងទីប្រជុំជន Abasan ភាគខាងកើតទីក្រុង Khan Younis នៅភាគខាងត្បូង Gaza Strip ។
យោងតាមប្រភពវេជ្ជសាស្ត្រមួយផ្សេងទៀតបានឱ្យដឹងថា នៅក្នុងទីក្រុង Qarara ភាគខាងជើង Khan Younis ជនជាតិប៉ាឡេស្ទីនពីរនាក់ត្រូវបានសម្លាប់ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល។
ប្រភពវេជ្ជសាស្ត្របានបន្ថែមថា ស្ត្រីជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ដោយសាររបួសដែលនាងទទួលបានពីការវាយប្រហារតាមអាកាសពីមុនរបស់អ៊ីស្រាអែលលើតំបន់ Mawasi ភាគខាងលិច Khan Younis ។
ខណៈពេលដែលនៅក្នុងទីក្រុង Rafah នៅតំបន់ Gaza Strip ភាគខាងត្បូងបំផុត កងទ័ពអ៊ីស្រាអែលបានបន្តប្រតិបត្តិការរបស់ខ្លួនដើម្បីបំផ្ទុះផ្ទះ និងកន្លែងស្នាក់នៅទូទាំងទីក្រុង។
គួរជម្រាបថា អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍នៅលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីខែតុលាឆ្នាំមុន ដោយបានសម្លាប់មនុស្សជិត 44,300 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងជាង 104,700 នាក់រងរបួស។
ឆ្នាំទីពីរនៃអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាបានទាក់ទាញការថ្កោលទោសអន្តរជាតិកាន់តែខ្លាំងឡើង ដោយមន្ត្រី និងស្ថាប័ននានាបានដាក់ស្លាកការវាយប្រហារ និងការទប់ស្កាត់ការផ្តល់ជំនួយថាជាការប៉ុនប៉ងដោយចេតនាដើម្បីបំផ្លាញប្រជាជន។
កាលពីសប្តាហ៍មុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ Gaza៕