លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានថា រុស្ស៊ីនឹងប្រើប្រាស់អាវុធទាំងអស់ដើម្បីកម្ចាត់អ៊ុយក្រែន ប្រសិនបើប្រទេសនេះទទួលបានអាវុធនុយក្លេអ៊ែរ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា មន្ត្រីលោកខាងលិចកំពុងពិចារណាផ្តល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន Reuters។
លោក ពូទីន បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅកាហ្សាក់ស្ថាន យ៉ាងដូច្នេះថា «ប្រសិនបើប្រទេសដែលយើងកំពុងធ្វើសង្រ្គាមជាមួយឥឡូវនេះ ក្លាយជាមហាអំណាចនុយក្លេអ៊ែរ តើយើងធ្វើអ្វី? ក្នុងករណីនេះយើងនឹងប្រើប្រាស់អាវុធទាំងអស់ គ្រប់មធ្យោបាយនៃការបំផ្លិចបំផ្លាញដែលរុស្ស៊ីមាននៅក្នុងដៃ»។
លោក ពូទីន បានបន្ថែមថា ការផ្ទេរអាវុធនុយក្លេអ៊ែរទៅឱ្យអ៊ុយក្រែន នឹងជាការរំលោភលើកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ទន្ទឹមគ្នានេះ លោកក៏បានព្រមានថា ប្រសិនបើអ៊ុយក្រែនផលិត «គ្រាប់បែកកខ្វក់» ដែលជាគ្រាប់បែកមានសារធាតុវិទ្យុសកម្ម នោះរុស្ស៊ីក៏នឹងចាត់វិធានការសងសឹកផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីសហភាពសូវៀតដួលរលំក្នុងឆ្នាំ ១៩៩១ អ៊ុយក្រែនបានទទួលមរតកអាវុធនុយក្លេអ៊ែរមួយចំនួនធំ។ ប៉ុន្តែនៅឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រមបោះបង់ចោលអាវុធទាំងនោះ និងចូលរួមជារដ្ឋភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៕