(សៀមរាប)៖ នៅព្រឹកទី១ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ នៅរមណីយដ្ឋានអង្គរ។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ចែក ចេញ ជា៤វិញ្ញាសា រួមមាន៖ វិញ្ញាសាចម្ងាយ៣គីឡូម៉ែត្រ វិញ្ញាសា ៥គីឡូម៉ែត្រ វិញ្ញាសា ១០គីឡូម៉ែត្រ និងវិញ្ញាសា ២១គីឡូម៉ែត្រ។
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ មានអ្នកចូល រួម សរុបប្រមាណ ១៤,៣៧០នាក់ ចំនួននេះ កើនជាង៣០ភាគរយ បើធៀបជាមួយ នឹងព្រឹត្តិការណ៍ឆ្នាំ២០២៣។ បើធៀបជាមួយឆ្នាំ១៩៩៦ ដែលជាឆ្នាំចាប់ផ្តើមនៃ ព្រឹត្តិការណ៍ នេះ គឺខុសគ្នារហូតដល់ទៅ២៨ដង។
របាយការណ៍ បានឱ្យដឹងផងដែរថា ចំនួនអ្នកចូលរួមរត់នៅឆ្នាំនេះ មានអត្តពលិក អន្តរជាតិសរុបជាង ៤ពាន់នាក់ មកពី៨៧ប្រទេស។ ក្នុងនោះប្រទេសដែល មាន អត្ត ពលិក ចុះឈ្មោះចូលរួមរត់ប្រណាំងច្រើនជាងគេរួមមាន៖ អង់គ្លេស អូស្ត្រាលី បា រាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី សឹង្ហបុរី ហុងកុង និងថៃ។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩នេះ ក៏មានការចូលរួមពីអត្តពលិកមានពិការភាពផងដែរ។ វិញ្ញាសាសម្រាប់អត្តពលិកមានពិការភាព រួមមាន៖ វិញ្ញាសាប្រណាំងរទេះជនមានពិការភាពចម្ងាយ ២១គីឡូម៉ែត្រ មានចំនួន២៣នាក់,វិ ញ្ញា សារ ត់ ប្រណាំងជនពិការជើងចម្ងាយ១០គីឡូម៉ែត្រ ចំនួន២៣នាក់, វិញ្ញាសារត់ប្រណាំងជនពិការដៃចម្ងាយ ១០គីឡូម៉ែត្រ ចំនួន២៣នាក់។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត ត្រូវបាន បង្កើត ឡើងក្នុងឆ្នាំ១៩៩៦ ក្រោមកិច្ចសហប្រតិបត្តិការរវាង មូលនិធិគាំទ្ររបស់ អង្គការ សហប្រជាជាតិ (The Foundation For The Support Of The United Nations) ដោយលោក Yasushi Akashi អគ្គលេខាធិការនៃ អ៊ុន តាក់ នៅ កម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងគាំទ្រជនរង គ្រោះ ដោយ សារមីន និងជនពិការក្នុងប្រទេសកម្ពុជា ក្រោយសង្គ្រាមស៊ីវិល។ គំនិត ផ្តួច ផ្តើមដំបូងនៃព្រឹត្តិការណ៍រត់អន្តរជាតិនេះ គឺជាព្រឹត្តិការណ៍សប្បុរស ធម៌សុទ្ធ សាធ ដែលទទួលបានអនុញ្ញាតជាគោលការណ៍គាំទ្រយ៉ាងពេញទំហឹងពីរាជ រដ្ឋា ភិបាល និងគាំទ្របច្ចេកទេសកម្រិតស្តង់ដារត់ប្រណាំងអន្តរជាតិ ដោយគណៈ កម្មា ធិការ ម៉ារ៉ាតុងពិភពលោក (IAAF & AIMS)។
នៅក្នុងឆ្នាំ១៩៩៦ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី១ (AWHM) ត្រូវបានប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ដែលជាចំណុចចាប់ផ្ដើម ចេញ ដំណើរ និងទីបញ្ចប់។ នេះជាព្រឹត្តិការណ៍ដ៏ពិសេសមួយ និងដ៏កម្រមួយ ដែល ផ្លូវ រត់ប្រណាំងស្ថិតក្នុងតំបន់បេតិកភណ្ឌពិភពលោក នៃរមណីយដ្ឋានអង្គរ។
ឆ្នាំ១៩៩៧ ក្នុងទិវារត់ប្រណាំអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២ បាន ការ អញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីទី២ និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រី១។ ពេលនោះ សម្ដេច តេជោ បានផ្ដល់កិត្តិយសចូលរួម រត់ចម្ងាយ ១០០ម៉ែត្រ ដែលជានិម្មិតរូបផងដែរ។
ការរៀបចំទិវារត់ប្រណាំងនេះ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា និងក្រុមបច្ចេកទេសជប៉ុន ដែលភាគច្រើនមកពីអង្គការបេះ ដូង មាស ជប៉ុន ឈ្មោះថា «Hearts OF Gold- NGO» ដែលតំណាងដោយ លោកស្រី YUKO Arimori ម្ចាស់មេដាយអូឡាំពិកជប៉ុន នៅទីក្រុងបាសេឡូណា ១៩៩២ និងអាត្លង់តា១៩៩៦។
រហូតដល់ឆ្នាំ២០១៣ អង្គការ «Hearts of Gold» ដោយមើលឃើញថា កម្ពុជា អាចម្ចាស់ការលើបច្ចេកទេសបាន ក៏បានប្រគល់ការរៀបចំបច្ចេកទេសដល់ភាគី កម្ពុជា គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប៉ុន្តែនៅរក្សាកិច្ចសហការគ្រប់គ្រង និងនៅតែជាសហនាយកប្រតិបត្តិ ដើម្បីចូលរួមត្រួតពិនិត្យ តាមដាន វាយតម្លៃ ដដែល។
នៅឆ្នាំ២០២០ និង២០២១ ដោយសារជំងឺរាតត្បាត Covid-19 ទិវារត់ប្រណាំងត្រូវ បានផ្អាក ប៉ុន្តែក្រុមការងារបានបង្កើតមាតិកាមួយហៅថា Virtual Run ដោយ តម្រូវឱ្យអ្នករត់ត្រូវរត់នៅផ្ទះរៀងៗខ្លួន ដោយបានការចូលរួមរត់ពីអ្នករត់នៅក្នុង ស្រុក តែប៉ុណ្ណោះ។
ព្រឹត្តិការណ៍រត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងនៅកម្ពុជា រៀបចំឡើងក្នុង គោល បំណងសប្បុរសធម៌ដល់ជនរងគ្រោះដោយសារមីន, រកថវិកាជួយអង្គការ និងមន្ទីរ ពេទ្យទទួលរួមមាន៖ កាកបាទក្រហមកម្ពុជា, មន្ទីរពេទ្យគន្ធបុបា្ផ, Cambodia Trust, Handicap International (Humanity & Inclusion), Hearts of Gold Project (Cambodia Para Athletics Federation (CPAF), Support Disable Athletics, New Children Care Center (NCCC), Physical Education Project, Youth Development Project, មន្ទីរពេទ្យកុមារអង្គរ), លើកកម្ពស់បរិស្ថាន ភាពបៃតង ភាពស្អាតនៃ រមណីយ ដ្ឋានអង្គរ, លើកកម្ពស់សុខភាពសាធារណៈ និងអភិវឌ្ឍវិស័យកីឡាជាតិ៕