ប្រទះឃើញសាកសព២នាក់ នៅកន្លែងផ្សេងគ្នាបង្កការភ្ញាក់ផ្អើលនៅក្រុងបាវិត!

(ស្វាយរៀង)៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសព២នាក់នៅកន្លែងផ្សេងគ្នា ដែលគេសង្ស័យថាជាអំពើឃាតកម្មដ៏សាហាវ។ សាកសពទី១ត្រូវគេចងជើងចងដៃ ចងមុខ សម្លាប់ហើយ យកទៅទម្លាក់ប្លុងចោលក្នុងទឹកប្រឡាយ និងករណីទី២ត្រូវឃាតកកាត់ក កាត់ដៃ កាត់ជើង ច្រកក្នុងវ៉ាលិសយកមកដុតចោលនៅជិតកាស៊ីណូមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលនិងរាយការណ៍ជូនសមត្ថកិច្ច។

ករណីទី១ ប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់សង្ស័យជាជនបរទេស ត្រូវបានឃាតកចងជើង ចងដៃ ចងមុខយកមកទម្លាក់ចោលក្នុងទឹកប្រឡាយស្ថិតក្នុងភូមិតាចាន់ សង្កាត់ប្រាសាទ ក្រុងបាវិត ត្រូវគេប្រទះឃើញនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២ធ្នូ២០២៤។

ករណីទី២ ប្រជាពលរដ្ឋប្រទះឃើញ សាកសពមនុស្សម្នាក់ត្រូវបានឆេះរោលខ្មៅ នៅមាត់ប្រឡាយជិតកាស៊ីណូមួយកន្លែង បង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីប្រជាពលរដ្ឋប្រទះឃើញសាកសព មនុស្សគេដុតចោលនេះកើតឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២ធ្នូ២០២៤ ស្ថិតនៅផ្លូវទៅវត្តព្រៃលោកយាយ ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចពាក់ពន្ធ័ករណីប្រទះឃើញសាកសព គេយកមកទម្លាក់ប្លុងចោលក្នុងទឹកប្រឡាយ មិនបានប៉ុន្មាននាទីផង ក៏មានប្រជាពលរដ្ឋផ្សេងទៀតរាយការណ៍ជូនសមត្ថកិច្ចប្រទះឃើញសាកសពគេកាត់ជាកង់ជាកង់យកមកដុតចោលទៀត។

ក្រោយពីទទួលដំណឹងប្រជាពលរដ្ឋរាយការណ៍ភ្លាមសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងបាវិតបានដឹកនាំកម្លាំងសហការជាមួយនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រាសាទ និងសង្កាត់បាវិត ចុះដល់កន្លែងកើតហេតុរួចព័ទ្ធខ្សែនិងរាយការណ៍ជូនលោកស្នងការនៃស្នងការដ្ឋានគរបាលខេត្តស្វាយរៀង ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ ។

ពាក់ពាក់ព័ន្ធនឹងករណីនេះ លោកអែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី២ ខែធ្នូឆ្នាំ២០២៤នេះថា ពិតជាមានករណីមនុស្សស្លាប់ទាំង២ករណីប្រាកដមែន ដោយករណីទាំង២គឺជាករណីឃាតកម្ម ខណៈ សមត្ថកិច្ចកំពុងធ្វើការអង្កេតស្រាវជ្រាវ វែកមុខក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់អោយខានតែបាន៕

Leave a Reply

Your email address will not be published. Required fields are marked *