Update៖ មេបញ្ជាការស៊ីរី ប្រាប់ក្រុមមន្ត្រីរបស់ខ្លួនថារបបរបស់លោក អា សាដ បានដល់ទីបញ្ចប់ហើយ!

មេបញ្ជាការកងទ័ពស៊ីរី បានប្រាប់ក្រុមមន្ត្រីរបស់ខ្លួនថារបបដឹកនាំរយៈពេល ២៤ឆ្នាំរបស់លោកប្រធានាធិបតី Bashar al-Assad បានដល់ទីបញ្ចប់ហើយ ក្រោយការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេស។
ប្រភពពីសារព័ត៌មាន Reuters។

ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ បានឱ្យដឹងដែរថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេសស៊ីរីហើយ ដោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិដាម៉ាសមុននឹងកងកម្លាំងសន្តិសុខស៊ីរីចាកចេញពីអាកាសយានដ្ឋាននេះ។ ប៉ុន្តែគេមិនទាន់ដឹងពីគោលដៅដែលលោក Assad ឆ្ពោះទៅនោះទេ។
ចំណែកក្រុមឧទ្ទាមស៊ីរីវិញក៏បានអះអាងពីការវាយរំដោះរដ្ឋធានីដាម៉ាសផងដែរ ជាមួយការប្រកាសពីការបើកសករាជថ្មីសម្រាប់ស៊ីរី។
ជនផ្ដាច់ការ Bashar al-Assad បានរត់ចេញពីប្រទេស ហើយយើងសូមប្រកាសពីការរំដោះទីក្រុងដាម៉ាស»។ ក្រុមឧទ្ទាមស៊ីរីបានបន្ថែមទៀតថា «នៅបន្ទាប់ពីរយៈពេល៥០ឆ្នាំ នៃការគាបសង្កត់ ពីរបបដឹកនាំដោយគណបក្ស Baath (គណបក្សរបស់លោក Bashar al-Assad) និង១៣ឆ្នាំនៃការប្រព្រឹត្តឧក្រិដ្ឋកម្មអំពើផ្ដាច់ការនិងការបង្ខំឱ្យប្រជាជនភៀសខ្លួន…យើងសូមប្រកាសនៅថ្ងៃនេះពី ការបិទបញ្ចប់យុគសម័យដ៏ខ្មៅងងឹត ហើយចាប់ផ្ដើមនៃសករាជថ្មីមួយសម្រាប់ស៊ីរី៕

Leave a Reply

Your email address will not be published. Required fields are marked *