ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងមិនចរចាក្នុងនាមអ៊ុយក្រែនឡើយ ក្នុងជំនួបរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ។ ហើយនឹងទុកឱ្យទីក្រុងកៀវជាអ្នកសម្រេចចិត្តដោយខ្លួនឯង ថាតើត្រូវចូលរួមក្នុងការដោះដូរទឹកដីជាមួយរុស្ស៊ីឬយ៉ាងណា។
ប្រភពពីសារព័ត៌មាន Reuters។
លោក ត្រាំ បានបញ្ជាក់ថា គោលដៅរបស់លោក គឺនាំភាគីទាំងពីរឱ្យចាប់ផ្តើមការចរចា ហើយបញ្ហាដោះដូរទឹកដីណាមួយនឹងត្រូវលើកយកមកពិភាក្សានៅពេលនោះ។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា បញ្ហាទាំងនោះនឹងត្រូវបានពិភាក្សា ប៉ុន្តែខ្ញុំត្រូវតែទុកឱ្យអ៊ុយក្រែនជាអ្នកធ្វើការសម្រេចចិត្ត ហើយលោកគិតថាពួកគេនឹងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ប៉ុន្តែលោកមិននៅទីនេះដើម្បីចរចាជំនួសអ៊ុយក្រែនទេ លោកនៅទីនេះដើម្បីនាំពួកគេឱ្យមកអង្គុយតុចរចា៕