ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) បានរាយការណ៍ថារដ្ឋអាជ្ញាកូរ៉េខាងត្បូងបានឃាត់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ក្រោមការចោទប្រកាន់ថាលោកបានចូលរួមក្នុងការប៉ុនប៉ងប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol។
លោក Kim Yong-hyun ត្រូវបានគេជឿថាជាមនុស្សដ៏សំខាន់ដែលបានផ្ដល់យោបល់ឱ្យលោក Yoon ប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្ដាហ៍មុន។ លោក Kim ក៏បាន លាលែងចេញពីតំណែងរួចហើយដែរ។ ដោយឡែក បើតាម Yonhap រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានបើកការស៊ើបអង្កេតលើលោក Kim រួមទាំងលោក Yoon និងមេបញ្ជាការកូរ៉េខាងត្បូងម្នាក់ ទៀតគឺលោក Park An-su ក្រោមបទចោទប្រកាន់បះបោរ។ Yonhap បានឱ្យដឹងទៀតថារដ្ឋអាជ្ញាបានចុះឆែកឆេរផ្ទះរបស់លោក Kim ហើយថែមទាំងបានហាមរូបលោកមិនឱ្យចាកចេញពី ប្រទេសទៀតផង៕