Update៖ អ៊ីស្រាអែល និយាយថាខ្លួនបានវាយប្រហារ ឃ្លាំងអាវុធជាច្រើនរបស់ស៉ីរី!

លោក Israel Katz រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលមានបំណងប្រកាសដាក់តំបន់ភាគ ខាងត្បូងប្រទេសស៉ីរីជាទីដែលគ្មានវត្តមានទ័ពអចិន្ត្រៃយ៍ ខណៈយោធាអ៊ីស្រាអែលនិយាយថា ការវាយប្រហារតាមអាកាសជាច្រើនលើក បានបំផ្លាញឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ស៊ីរីភាគច្រើន។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ ២០២៤។

៤៨ម៉ោង ក្រោយរបបលោកប្រធានាធិបតី Bashar al-Assad ដួលរលំ យោធាអ៉ីស្រាអែលនិយាយថា យន្តហោះពួកគេ បានវាយប្រហារច្រើនជាង ៣៥០លើក ទៅលើគោលដៅនានា រួមទាំងអាវុធប្រឆាំងយន្តហោះ ព្រលានយន្តហោះយោធា ទីតាំងផលិតអាវុធ យន្តហោះប្រយុទ្ធ និងមីស៉ីល។ បន្ថែមពីនេះ មីស៉ីលបាញ់ចេញពីនាវាចម្បាំង ក៏បានវាយប្រហារលើ រចនាសម្ព័ន្ធកំពង់ផែ Al-Bayda និងកំពង់ផែ Latakia របស់ស៉ីរីផងដែរ។
នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានបញ្ជាក់ថាយើងគ្មានចេតនាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ស៉ីរីទេ ប៉ុន្តែយើងចាំបាច់ត្រូវធានាសន្តិសុខ។
ខ្ញុំបានអនុញ្ញាតឱ្យកងកម្លាំងទ័ពអាកាសទម្លាក់គ្រាប់បែក លើសមត្ថភាពយោធាយុទ្ធសាស្ត្រ ដែលកងទ័ពស៉ីរីបន្សល់ទុក ដើម្បីកុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមជីហា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version