(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់បានយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ព្រះរាជទស្សនកិច្ចនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។
អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរម រាជវាំង។
ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជ ទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។
ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្ត ហៃណាន នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ៕