Update៖ តុលាការផ្តន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ដាក់ពន្ធនាគារ៣១ឆ្នាំ និងត្រូវសងសំណងជាង២លានដុល្លារ!

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដាក់ពន្ធនាគាររយៈពេល៣១ឆ្នាំ និងត្រូវសងសំណងឱ្យជនរងគ្រោះ ទាំងអ្នកស្លាប់និងរបួសសរុបជាង២លានដុល្លារ..!។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣.១២.២០២៤។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ។
បានបើកសវនាការជំនុំជម្រះលើ សំណុំរឿងព្រហ្មទណ្ឌចំនួន ០៣ ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រី ស៊ីណា គឺសំណុំរឿងទី១. ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
សំណុំរឿងទី២. ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត និងសំណុំរឿងទី៣. ពីបទ រំលោភលើលំនៅឋាន។
ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើ ជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសជា សាធារណៈនូវសាលក្រមព្រហ្មទណ្ឌ នៃសំណុំរឿងទាំង ០៣ ខាងលើ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានដូច ខាងក្រោម

១. សាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ ក្រ៖ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀលពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះឈ្មោះ ឃីន កញ្ចនា ដែលបានស្លាប់ និងបង្គាប់ឱ្យសងសំណងជម្ងឺចិត្តចំនួន ១ ០០០ ០០០(មួយលាន) ដុល្លារអាមេរិក ទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លឺសុង ដែលបានស្លាប់។

២. សាលក្រមព្រហ្មទណ្ឌលេខ ១៣៥៣ ក្រ៖”ជ១”បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ មាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជានិងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ៣០០ ០០០ (សាមសិបម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ដែលជាអ្នករងរបួស និងចំនួន ២០០ ០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។

៣.សាលក្រមព្រហ្មទណ្ឌលេខ ៥២៣០ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ រំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណង ជម្ងឺចិត្តចំនួន ៥០ ០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយ ម្ចាស់ផ្ទះ។

ដែលបានប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្ងោ ផ្ទះលេខ២៦ ផ្លូវលេខP-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមទៀតថា ការផ្តន្ទាទោសរបស់ក្រុមប្រឹក្សា ជំនុំជម្រះ លើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងទាំង០៣ ខាងលើ គឺជាការផ្តន្ទាទោសក្នុងកម្រិតអតិបរមានៃទោស៕

Leave a Reply

Your email address will not be published. Required fields are marked *