កាលពីថ្ងៃសុក្រ (ទី២៧ ខែធ្នូ)ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើបមួយរបស់អាមេរិកត្រូវបានប្រើប្រាស់នៅប្រទេសអ៊ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់ ហើយដែលនេះជាការប្រើប្រាស់លើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជូនប្រព័ន្ធការពារដែនអាកាសនេះទៅកាន់អ៊ីស្រាអែលកាលពីខែតុលាមក។
ប្រភពពីសារព័ត៌មាមReuters បានឱ្យដឹងថាប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ត្រូវបានប្រើប្រាស់ដើម្បីបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ហើយការវិភាគមួយនឹងកំណត់ពីជោគជ័យនៃការបាញ់ស្ទាក់។ ប៉ុន្តែភ្លាមៗ ខាងមន្ទីរបញ្ចកោណមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។ លោក ចូ បៃដិន បានបញ្ជូន ប្រព័ន្ធមីស៊ីល THAAD ផលិតដោយក្រុមហ៊ុន Lockheed Martin ទៅកាន់អ៊ីស្រាអែលកាលពីខែតុលា រួមជាមួយទាហានអាមេរិក ១០០នាក់ ដើម្បីធ្វើប្រតិបត្តិការប្រព័ន្ធការពារដែនអាកាសដ៏ទំនើប មួយនេះ៕