កងកម្លាំងសន្តិសុខម៉ិកស៉ិក បានចាប់ខ្លួនជនចំណាកស្រុកខុសច្បាប់ប្រហែល ៤៧០.០០០នាក់ ចាប់តាំងពីខែតុលាមក ខណៈ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក គំរាមថានឹងដាក់ពន្ធគយលេីម៉ិកស៉ិក លុះត្រាតែប្រទេសនេះអាចបញ្ឈប់ជនចំណាកស្រុកខុសច្បាប់ ពីការមកដល់ព្រំដែនរួមបាន។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ ២០២៤។
ចំនួនជនចំណាកស្រុកជិតកន្លះលាននាក់ ដែលកំពុងត្រូវបានឃុំខ្លួន ចន្លោះថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២៦ ខែធ្នូ បង្ហាញឱ្យឃេីញពីវិធានការកាន់តែតឹងរ៉ឹងរបស់ម៉ិកស៉ិក មកទល់នឹងដំណាច់ឆ្នាំនេះ។ បេីតាមរដ្ឋាភិបាល មានជនចំណាកស្រុកប្រហែល ៩០០.០០០នាក់ហេីយ ត្រូវបានឃុំខ្លួនចាប់ពីដេីមឆ្នាំមក។
រដ្ឋមន្រ្តីការបរទេសម៉ិកស៉ិក លោក Juan Ramon de la Fuente បញ្ជាក់ថា « យើងគិតថាវាជាគំរូមួយដែលដំណើរការ ហេីយកំពុងប្រសើរឡើង និងឆ្លើយតបបានល្អចំពោះបញ្ហាចំណាកស្រុក»។ តាមលោក រដ្ឋមន្រ្តីរូបនេះ ជនចំណាកស្រុកដែលត្រូវឃុំខ្លួននៅព្រំដែនរួម មានការធ្លាក់ចុះ ៨១ភាគរយគិតត្រឹមពាក់កណ្តាលខែធ្នូ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន៕