Update៖ អ្នកដំណើរម្នាក់ ផ្ញើសារទៅកាន់សាច់ញាតិ មុនពេលយន្ដហោះធ្លាក់!

អ្នកដំណើរម្នាក់នៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ បានផ្ញើសារដ៏រំជួលចិត្តទៅកាន់សាច់ញាតិម្នាក់របស់ខ្លួន មុននឹងយន្ដហោះរអិលធ្លាក់ចេញពីផ្លូវ ទៅបុកជញ្ជាំងការពារ បណ្ដាលឱ្យផ្ទុះឆេះសម្លាប់មនុស្ស១៧៩នាក់។
ប្រភពពីសារព័ត៌មានកូរ៉េខាងត្បូង News1 agency។

News1 agency បានឱ្យដឹងថាអ្នកដំណើរម្នាក់នៅលើយន្ដហោះដែលបានហោះចេញពីប្រទេសថៃឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Muan កាលពីព្រឹកថ្ងៃអាទិត្យ បានផ្ញើសារទៅកាន់សាច់ញាតិម្នាក់របស់ ខ្លួនតាមរយៈបណ្ដាញទំនាក់ទំនង KakaoTalk ដោយប្រាប់ថា «សត្វបក្សីមួយក្បាលបានហោះបុកស្លាបយន្ដហោះ ហើយយើងមិនអាចចុះចតបានទេ»។ អ្នកដំណើររូបនេះដដែលក៏បានចោទសួរដែរ «ថាតើខ្ញុំគួរតែ និយាយពាក្យចុងក្រោយរបស់ខ្ញុំដែរឬទេ?» ហើយក្រោយបន្តិចក៏ស្ងាត់បាត់ឈឹង។
ដោយឡែក បើតាមសារព័ត៌មាន NBC News នាយកនៃអង្គភាពគោលនយោបាយអាកាសចរណ៍ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង លោក Joo Jong-wan បាននិយាយថាពីឡុតបានប្រកាសសញ្ញាអាសន្ន បន្ទាប់ពីមានសត្វស្លាបហោះបុក។ NBC News ក៏បានរាយការណ៍ដែរថាពីឡុតត្រូវបានអនុញ្ញាតឱ្យធ្វើការចុះចតចេញពីទិសដៅផ្ទុយ។
គួរបញ្ជាក់ថា អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថា ហេតុការណ៍យន្តហោះដឹកអ្នកដំណើរ ១គ្រឿង របស់អាកាសចរណ៍ Jeju Air ដែលបានជួបគ្រោះថ្នាក់ អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ បានផ្តាច់ជីវិតមនុស្សសឹងទាំងអស់ នៅលើនោះគឺយ៉ាងហោច១៧៩នាក់ ហើយមានមនុស្សត្រឹមតែ២នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះភ្លាមៗ ក្នុងចំណោមមនុស្សសរុបទាំង១៨១នាក់ ដែលស្ថិតលើយន្តហោះ ក្រោយពេលវាជួបគ្រោះថ្នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version