លោក Dorin Recean នាយករដ្ឋមន្រ្តីម៉ុលដូវ៉ា បាននិយាយថា ប្រទេសរបស់លោកកំពុងប្រឈមមុខទៅនឹង វិបត្តិសន្តិសុខបន្ទាប់ពីរុស្ស៊ី បានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់តំបន់ Transdniestria ដែលជាតំបន់ផ្តាច់ខ្លួន ដែលគាំទ្រដោយរុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។
ការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ននេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានប្រកាសថា នឹងមិនបន្តដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបទៀតឡើយ នៅចុងឆ្នាំ ២០២៤។
លោក Recean បានចោទប្រកាន់រុស្ស៊ីថា កំពុងប្រើប្រាស់ថាមពលធ្វើជាអាវុធ ដើម្បីដាក់សម្ពាធទៅលើប្រទេសម៉ុលដូវ៉ា និងបង្កអស្ថិរភាពនៅក្នុងតំបន់។ លោក បានបញ្ជាក់ថា ម៉ុលដូវ៉ា មានសមត្ថភាពក្នុងការផ្គត់ផ្គង់ថាមពលដល់ប្រជាជនរបស់ខ្លួនប៉ុន្តែតំបន់ Transdniestria ដែលពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីកំពុងប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរ។
នាយករដ្ឋមន្រ្តីម៉ុលដូវ៉ារូបនេះ ក៏បានព្រមានថារុស្ស៊ីអាចនឹងប្រើប្រាស់វិបត្តិនេះដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ Transdniestria និងគាំទ្រដល់ក្រុមផ្តាច់ខ្លួន។ លោក បានបញ្ជាក់ថា ម៉ុលដូវ៉ានឹងមិនអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់តំបន់នេះ ដើម្បីវាយប្រហារអ៊ុយក្រែនឡើយ។
ទោះបីជាមានការព្រមានពីលោក Recean ក៏ដោយ ក៏មេដឹកនាំតំបន់ Transdniestria បានអះអាងថា តំបន់នេះមានទុនបំរុងឧស្ម័នគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ខ្លួនឯង ក្នុងរយៈពេលខ្លី៕