លោក Edmundo Gonzalez មេដឹកនាំគណបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា អះអាងថាខ្លួនជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតី ហើយកំពុងរស់នៅក្នុងប្រទេសអេស្ប៉ាញ បាននិយាយថាលោកនឹងធ្វើដំណើរទៅអាហ្សង់ទីននៅចុងសប្តាហ៍នេះ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២៥។
ក្រុមប្រឆាំងដ៏ធំនៅវ៉េណេស៊ុយអេឡា បានបង្ហោះសារលើបណ្តាញសង្គម X ដូច្នេះថាលោក Gonzalez នឹងជួបប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei ដែលកំពុងមានជម្លោះការទូត ជាមួយរដ្ឋាភិបាលលោក Nicolas Maduro នៅឯគេហដ្ឋានប្រធានាធិបតី ក្នុងទីក្រុង Buenos Aires។
ដំណើរទស្សនកិច្ចអន្តរជាតិរបស់ លោក Gonzalez នឹងកើតឡើងប៉ុន្មានថ្ងៃ មុនពិធីស្បថចូលកាន់ដំណែងរបស់ប្រធានាធិបតី លោក Maduro សម្រាប់អាណត្តិទី ៣ នៅថ្ងៃទី១០ ខែមករា។ លោក Gonzalez ធ្លាប់និយាយម្តងហើយម្តងទៀតថា នឹងត្រលប់ទៅវ៉េណេស៊ុយអេឡាវិញ ដើម្បីស្បថចូលកាន់តំណែងប្រធានាធិបតី ទោះបីជាមានដីកាកំពុងរង់ចាំរូបលោក ពីបទសមគំនិត និងប្រាក់រង្វាន់ ១០០ ០០០ដុល្លារសម្រាប់ព័ត៌មាន ដែលនាំទៅដល់ការចាប់ខ្លួន ដោយអង្គភាពប៉ូលិសស៉ើបអង្កេតវ៉េណេស៊ុយអេឡាក៏ដោយ៕