កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថាអាមេរិកនឹងចាកចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារសុខាភិបាលអន្តរជាតិមួយនេះថាគ្មានសមត្ថភាពដោះស្រាយ កូវីដ១៩ និងវិបត្តិសុខាភិបាលសកលដទៃ។
ប្រភពពីសារព័ត៌មាន Reuters។
លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការ WHO កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២។ WHO កាលពីថ្ងៃអង្គារ ក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ខណៈសហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់ខ្លួន។ អ្នកនាំពាក្យរងរបស់ UN លោក Farhan Haq បានគូសបញ្ជាក់ដូច្នេះថាខ្ញុំអាចបញ្ជាក់បានថាឥលូវ យើងបានទទួលលិខិតពីសហរដ្ឋអាមេរិកស្ដីពីការដកខ្លួនចេញពី WHO ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ហើយការដកខ្លួននេះនឹងត្រូវ ចូលជាធរមាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦៕