Update៖ មនុស្ស២២នាក់បានស្លាប់ ក្នុងការទម្លាក់គ្រាប់បែក ដោយកម្លាំងយោធានៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា!

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាមនុស្ស 22 នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកដោយកងកម្លាំងយោធានៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។

ប្រភពពីសារព័ត៌មានAnadolu។

កងកម្លាំង Junta បានធ្វើការវាយប្រហារតាមអាកាស សំដៅទៅលើអគារសាលារៀន និងមន្ទីរពេទ្យ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅក្នុងភូមិ Singut ក្នុងសង្កាត់ Myingyan ក្នុងតំបន់ Mandalay ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃចន្ទ។

យ៉ាងហោចណាស់ពួកឧទ្ទាម 12 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ខណៈដែលជនស៊ីវិល រួមទាំងកុមារ និងបុគ្គលិកសុខាភិបាលក៏បានបាត់បង់ជីវិតផងដែរនៅក្នុងការទម្លាក់គ្រាប់បែកដែលបានកើតឡើងកាលពីចុងសប្តាហ៍។

សមាជិកក្រុមការពារជាតិក្នុងតំបន់បាននិយាយថា គ្រាប់បែកចំនួនពីរគ្រាប់ត្រូវបានទម្លាក់លើអគារសិក្សា ដែលកំពុងត្រូវបានប្រើប្រាស់ដោយពួកឧទ្ទាមធ្វើជាមូលដ្ឋាន។

កាលពីសប្តាហ៍មុន ក្រសួងការបរទេសចិនបាននិយាយថា របបយោធា និងពួកឧទ្ទាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃទី 18 ខែមករា។

បទឈប់បាញ់នេះត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលយោធា និងកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា ក្នុងអំឡុងពេលនៃកិច្ចចរចាសន្តិភាពលើកទីប្រាំពីររបស់ពួកគេនៅទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយូណានភាគខាងត្បូងប្រទេសចិន។

យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ យ៉ាងហោចណាស់មានជនស៊ីវិលចំនួន 6,106 នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ទោះបីជាចំនួននេះមិនរាប់បញ្ចូលការស្លាប់បាត់បង់ជីវិតពីការប្រយុទ្ធគ្នាដែលកំពុងបន្តក៏ដោយ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ 2021 ដែលបានចាប់ផ្តើមដោយយោធាមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថាជាកងទ័ព៕

Leave a Reply

Your email address will not be published. Required fields are marked *