Update៖ នាយករដ្ឋមន្ត្រីស៊ែប៊ី ប្រកាសលាលែងពីតំណែង ក្រោយរងសម្ពាធថាពុករលួយ!

កាលថ្ងៃអង្គារ(ទី២៨ខែមករា)លោក Milos Vucevic នាយករដ្ឋមន្ត្រីស៊ែប៊ី បានប្រកាសលាលែងពីតំណែង ក្រោយរងសម្ពាធពីការតវ៉ាប្រឆាំងអំពើពុករលួយ ទ្រង់ទ្រាយធំនៅទូទាំងក្នុងប្រទេស។
ប្រភពពីព័ត៌មាន Reuters។

ការតវ៉ាទាំងនេះបានផ្ទុះឡើង បន្ទាប់ពីហេតុការណ៍ដំបូលស្ថានីយ៍រថភ្លើងដួលរលំនៅទីក្រុង Novi Sad កាលពីខែវិច្ឆិកា ដែលបណ្តាលឱ្យមនុស្ស ១៥ នាក់ស្លាប់។
«ខ្ញុំបានជ្រើសរើសជំហាននេះ ដើម្បីកាត់បន្ថយភាពតានតឹង»លោក Vucevic បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដោយបញ្ជាក់ថា អភិបាលក្រុង Novi Sad ក៏នឹង លាលែងពីតំណែងផងដែរ។ លោកបានអះអាងថា តាមរយៈការលាលែងនេះរាល់ការទាមទាររបស់ក្រុមអ្នកតវ៉ាត្រូវបានបំពេញ។
បាតុកររាប់ពាន់នាក់ដែលរួមមានសិស្ស គ្រូបង្រៀន និងកម្មករបានចោទប្រកាន់ រដ្ឋាភិបាលរបស់ប្រធានាធិបតី Aleksandar Vucic ថា បានបណ្តោយឱ្យមាន អំពើពុករលួយរីករាលដាល ដែលជាហេតុនាំឱ្យ កើតមានឧប្បត្តិហេតុនៅស្ថានីយ៍រថភ្លើង៕

Leave a Reply

Your email address will not be published. Required fields are marked *