ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍(ទី១ខែមករា)បានដុតបំផ្លាញអគារជាច្រើនទៀតនៅក្នុងស្រុក Marjayoun ភាគខាងត្បូងប្រទេសលីបង់ ដោយរំលោភលើបទឈប់បាញ់កាលពីថ្ងៃទី 27 ខែវិច្ឆិកា។
ប្រភពពីសារព័ត៌មានAnadolu។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការ (NNA) យោធាបានដុតបំផ្លាញផ្ទះ និងអគារជាច្រើននៅក្នុងទីប្រជុំជន Rab El Thalathine និង Odaisseh ហើយផ្សែងត្រូវបានគេមើលឃើញថាបានហក់ឡើងលើមេឃ។
យន្តហោះគ្មានមនុស្សបើករបស់ អ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើ រថយន្តដែលឈូសឆាយកម្ទេចកម្ទីនៅក្នុងក្រុងTaybeh។
ការរំលោភចុងក្រោយបំផុតនាំមកនូវចំនួនសរុបនៃការរំលោភបទឈប់បាញ់ដល់ 830 នេះបើយោងតាមទិន្នន័យដែលចងក្រងដោយ Anadolu ដោយផ្អែកលើការប្រកាសពី NNA ។
ទន្ទឹមនឹងនេះ កងទ័ពលីបង់បានចូលក្រុង Aitaroun ស្រុក Bint Jbeil ហើយបានចាប់ផ្តើមបោសសម្អាតគ្រឿងផ្ទុះ និងសំណល់សង្រ្គាម នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សាលាក្រុង។
អ៊ីស្រាអែលត្រូវបញ្ចប់ការដកទ័ពរបស់ខ្លួនចេញពីប្រទេសលីបង់នៅថ្ងៃទី 26 ខែមករា ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែខ្លួនបានបដិសេធមិនធ្វើដូច្នេះ ហើយថ្ងៃផុតកំណត់ត្រូវបានបន្តដល់ថ្ងៃទី 18 ខែកុម្ភៈ នេះបើយោងតាមសេតវិមាន។
យ៉ាងហោចណាស់មនុស្ស 26 នាក់បានស្លាប់ និង 221 នាក់រងរបួសដោយសារការបាញ់កាំភ្លើងរបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី 26 ខែមករា ខណៈដែលអ្នកស្រុកព្យាយាមត្រឡប់ទៅភូមិរបស់ពួកគេនៅភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។
បទឈប់បាញ់បានបញ្ចប់ការបាញ់ផ្លោងរវាងអ៊ីស្រាអែល និងក្រុមតស៊ូលីបង់ Hezbollah ដែលបានចាប់ផ្តើមនៅខែតុលា ឆ្នាំ 2023 បន្ទាប់ពីសង្រ្គាម Gaza ហើយបានឈានដល់ជម្លោះពេញលក្ខណៈនៅក្នុងខែកញ្ញា ឆ្នាំ 2024 ។
ការប្រយុទ្ធគ្នាក្នុងរយៈពេលជាងមួយឆ្នាំបានសម្លាប់មនុស្សជាង ៤.០០០ នាក់និងជាច្រើននាក់ទៀតរងរបួស៕