Update៖ ក្រសួងយុត្តិធម៌អាមេរិក ណែនាំឲ្យទម្លាក់បទចោទលើលោកអភិបាលក្រុង New York!

កាលពីថ្ងៃចន្ទ(ទី១០ខែកុម្ភៈ)ក្រសួងយុត្តិធម៌អាមេរិក បានណែនាំដល់រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង New York ឱ្យទម្លាក់ការចោទប្រកាន់ពីបទពុករលួយ ប្រឆាំងអភិបាលក្រុង New York លោក Eric Adams ដោយអះអាងថា ករណីនេះកំពុងបង្អាក់ដែនសមត្ថកិច្ចរបស់លោក ក្នុងការអនុវត្តវិធាការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោក Adams មកពីគណបក្សប្រជាធិបតេយ្យ កាលពីខែកញ្ញា ឆ្នាំមុន បានរងការចោទប្រកាន់ ៥ករណី ពាក់ព័ន្ធនឹងការទទួលផលប្រយោជន៍ពីដំណើរទស្សនកិច្ចរបស់មន្ត្រីតួកគី ការបរិច្ចាគខាងនយោបាយពីជនបរទេស ជាថ្នូរនឹងការចាត់វិធានការដើម្បីផ្តល់ប្រយោជន៍ដល់ប្រទេសតួកគី។ ប៉ុន្តែលោក Adams អាយុ ៦៤ឆ្នាំ បានប្រកែកថា លោកត្រូវបានគេកំណត់គោលដៅដោយអយុត្តិធម៌ ពីព្រោះលោកបាន រិះគន់គោលនយោបាយអន្តោប្រវេសន៍ របស់អតីតរដ្ឋាភិបាលលោក បៃដិន។

សវនាការកាត់ក្តីលើសំណុំរឿងរបស់ លោក Adams គ្រោងចាប់ផ្តើមនៅថ្ងៃទី២១ ខែមេសា មុនការបោះឆ្នោតបឋមរបស់បក្សប្រជាធិបតេយ្យ នៅខែមិថុនា សម្រាប់ការប្រកួតប្រជែងតំណែងអភិបាលក្រុង New York។ ត្រង់ចំណុចនេះ ក្រសួង យុត្តិធម៌ អាមេរិក បាន ស្នើ ឡើងថា ការ ដកតំណែងលោក Adams មិនទាន់អាចធ្វើទៅបានទេ។ រដ្ឋអាជ្ញាគួរតែទម្លាក់ការចោទប្រកាន់សិន លុះត្រាតែដល់ពេល លោក Adams ត្រូវបង្ហាញខ្លួនក្នុងតុលាការម្តងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *