(បាត់ដំបង)៖ មនុស្ស២នាក់បានស្លាប់យ៉ាងរន្ធត់ដោយសារកៀបជាប់ក្នុងកាប៊ីនរថយន្តកែច្នៃ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបើកបុកនឹងរបាំងថ្មពុះចែកផ្លូវ។ហេតុការណ៍នេះបានកើតស្ថិតនៅលើកំណាត់ផ្លូវហាយវេ ត្រង់ចំណុចភូមិដាក់សរសរសង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៥។
ប្រភពព័ត៌មានបានឱ្យដឹងថារថយន្តដែលជួបគ្រោះថ្នាក់នោះជារថយន្តកែច្នៃ ហើយបានដឹកកូនឈើដើមអាកាស្យារាប់រយដើមដែលមានអ្នកជិះ៣នាក់ រាប់ទាំងអ្នកបើកបរផង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅពីនិត្យភ្លាមៗ ដើម្បីជួយសង្គ្រោះហើយបានបញ្ជាក់ថារថយន្តដឹកកូនឈើនេះ ជ្រុលទៅបុករបាំងថ្មចែកផ្លូវរហូតគ្រោះថ្នាក់ដល់ជីវិតនិងរងរបួសធ្ងន់ធ្ងន់បែបនេះ។ប៉ុន្តែបើតាមប្រភពពីអ្នកឃើញហេតុការណ៍ខ្លះៗបានប្រាប់ថា រថយន្តច្នៃដឹកកូនឈើនេះបើកបរលឿនបន្តិចក្នុងទិសដៅពីជើងទៅត្បូង ។ពេលបើកដល់កន្លែងកើតហេតុដែលជាចំណុចផ្លូវកោងបន្តិចផង ដែលទំនងជាដាច់ខ្សែចងកូនឈើ ស្រាប់តែមានកូនឈើធ្លាក់រប៉ាយ ហើយភ្លាមនោះគេឃើញរថយន្តរេចង្កូតជ្រុកទៅបុករបាំងថ្មចែកផ្លូវពេញទំហឹងហើយកូនឈើរាប់រយដើមនៅលើរថយន្តក៏រុលទៅមុខបុកតៃកុងនិងអ្នកអង្គុយក្បែរកៀបជាប់ក្នុងកាប៊ីនស្លាប់យ៉ាងរន្ធត់ រីឯម្នាក់ទៀតបានលោតចេញផុតបានត្រឹមរងរបួសធ្ងន់។
ជនរងគ្រោះដែលស្លាប់ទាំង២នាក់ឈ្មោះ នី ធឿន ភេទប្រុស អាយុជាង៥០ឆ្នាំ (អ្នកជិះក្បែរតៃកុង)និងឈ្មោះ ហៃ វិត ភេទប្រុសអាយុប្រហែល ៤០ឆ្នាំ (អ្នកបើកបរ) រីឯអ្នករងរបួសគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
សមត្ថកិច្ចបានសន្និដ្ឋានថា រថយន្តកែច្នៃនេះទំនងដឹកកូនឈើនេះចេញពីកន្លែងមួយឆ្ពោះ ទៅកាន់កន្លែងមួយទៀត តែមិនទាន់ដល់គោលដៅផងក៏ជួបគ្រោះថ្នាក់តែម្ដង ។ ម្យ៉ាងទៀត បើពិនិត្យលើស្ថានភាពរថយន្តកែច្នៃនេះ គឺអាចដឹកកូនឈើលើសចំណុះផងទើបបង្កឲ្យគ្រោះថ្នាក់ ។
សមត្ថកិច្ចស្ទូចរថយន្តចេញពីផ្លូវ និងរង់ចាំសាច់ញាតិមកទទួលយកសាកសពជនរងគ្រោះទៅកាន់លំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕