សម្តេចធិបតី អញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបចំនួន២,៥៥១នាក់!

(ភ្នំពេញ)៖ នៅព្រឹកទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់។

និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស…!។

និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៦៩នាក់ផងដែរ។

សាកលវិទ្យាល័យអាស៊ី អឺរ៉ុប គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយ ដែលបានរួម​ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីចូលរួមចំណែកកសាងជាតិជាច្រើនឆ្នាំមកហើយ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឱ្យដឹងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានកើតចេញពីអង្គការ ក្នុងស្រុកមួយបណ្តុះបណ្តាល​ជំនាញវគ្គខ្លី ទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០០២។
អង្គការ អាស៊ី អឺរ៉ុប បានបង្កើតបន្ថែមជាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងឆ្នាំ២០០៥។
នៅឆ្នាំ២០១២ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាសាកលវិទ្យាល័យឯកជន ដែលបានបង្កើតថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិនមុនគេបង្អស់ ទទួលការគាំទ្រពីក្រសួង អប់រំ យុវជន កីឡា និងស្ថានទូតចិនប្រចាំនៅកម្ពុជា។

សព្វថ្ងៃនេះ ទាំងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអង្គការអាស៊ី អឺរ៉ុប បាននិងកំពុងបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងសកម្ម សរុបបានជាង២២ឆ្នាំ ដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច​និងសង្គមកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ អង្គការ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និយោជិត និងសាស្រ្តាចារ្យសរុបចំនួន៤៨៥នាក់ ព្រមទាំងសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាសរុបចំនួន ៨, ៨៨១នាក់។

ក្នុងនោះ ចាប់ពីឆ្នាំសិក្សា២០០៥ ដល់ត្រឹមឆ្នាំសិក្សា ២០២២ សិស្សថ្នាក់វិជ្ជា​ជីវៈ និងនិស្សិតគ្រប់កម្រិត បានបញ្ចប់ការសិក្សាសរុបចំនួន ៦៤,៤២៣នាក់ (នារី ២៧ ០៤៥នាក់) រាប់បញ្ចូលទាំងនិស្សិតជ័យលាភីដែលកំពុងមានវត្តមាននៅទីនេះ។

បច្ចុប្បន្នសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច, មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្ត​នយោបាយ, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍, និង មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស ក្នុងនោះ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងថ្នាក់បរិញ្ញាបត្រ មានមុខជំនាញចំនួន២៣, ចំណែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានមុខជំនាញចំនួន១៨ និងថ្នាក់បណ្ឌិត មានមុខជំនាញចំនួន៩។

អ្នកឧកញ៉ា លី ឃុនថៃ ក៏បានឱ្យដឹងផងដែរថា សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានអនុវត្ត​របៀបគ្រប់គ្រង និងផ្តល់សេវាកម្មអប់រំ តាមបែប​ឌីជីថល និងបន្តពិនិត្យរៀបចំដាក់បញ្ចូលឱ្យប្រើប្រាស់ជាបន្តបន្ទាប់នូវប្រព័ន្ធឌីជីថលជាច្រើនទៀត ដូចជា A.I, Machine Learning, Cloud Computing, ប្រព័ន្ធគ្រប់គ្រងវត្តមានតាមផ្ទៃមុខ និងប្រព័ន្ធគ្រប់​គ្រងអគារឆ្លាតវៃជាដើម។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានបង្កើតឱ្យមានបន្ទប់អនុវត្តន៍ជាច្រើនប្រភេទ រួមមាន​សវនាការនិមិត្ត, បន្ទប់ AI, បន្ទប់អនុវត្តន៍ផ្នែកសណ្ឋាគារ, បន្ទប់អនុវត្តន៍ផ្នែកម្ហូបអាហារ និង​ភេសជ្ជៈ និងបន្ទប់អនុវត្តន៍ធនាគារ ដែលផ្ដល់ឱកាសដល់និស្សិតអាចសិក្សា​ទ្រឹស្ដី​ផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែង។

បន្ថែមលើការអភិវឌ្ឍផ្នែកបណ្ដុះបណ្ដាលតាមបែប​ឌីជី​ថល និងជម្រើសនៃការសិក្សា​ដ៏​សម្បូរ​បែប សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានពង្រីក​ខ្លួនបន្ថែមនូវទីតាំងទី៣ នៅអគារ​ឌឹហ្គេតវេយ៍ (The Gateway) បានចាប់កំណើត​ឡើង​ដោយបើកការដ្ឋាននៅឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចមហាបវរ​ធិបតី ហើយបច្ចុប្បន្ន The Gateway ជាអគារធំ​មួយ មានចំណតធំទូលាយប្រមាណ ៧០០គ្រឿង បំពាក់ដោយបរិក្ខារទំនើបៗ ដែលបាន​ផ្ដល់បរិយាកាសសិក្សាល្អប្រសើរដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញប្រតិបត្តិផ្នែក​គ្រប់គ្រងពាណិជ្ជកម្ម EMBA ផងដែរ។ មិនតែប៉ុណ្ណោះ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់​ស្តែងរបស់សង្គមជាតិ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំផែនការសកម្មភាព​សម្រាប់​ការផ្លាស់ប្តូរការអប់រំបែបឌីជីថល ហើយបានលើកអាទិភាពសំខាន់ៗបី៖

អាទិភាពទី១៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការបង្រៀន និងការសិក្សា។
អាទិភាពទី២៖ អភិវឌ្ឍជំនាញ និងសមត្ថភាពឌីជីថល
អាទិភាពទី៣៖ កែលម្អប្រព័ន្ធអប់រំក្នុងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តាមរយៈការធ្វើឱ្យ​ប្រសើរឡើងនូវការតាមដាន ការវាយតម្លៃ ការវិភាគ និងការគ្រប់គ្រងទិន្នន័យ។

អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងទៀតថា ក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាចក្ខុវិស័យដ៏វែងឆ្ងាយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានពង្រឹងយន្តការលើការងារ​ដឹកនាំការងារគ្រប់គ្រង និងអនុវត្ត ស្របតាមផែនការជាសារវន្តរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ស្របពេលជាមួយគ្នានេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានថ្នាល​ពាណិជ្ជ​កម្មយ៉ាងធំទូលាយសម្រាប់ជួយរកការងារដល់សិស្សនិស្សិត​កំពុងសិក្សា និងបាន​បញ្ចប់ការសិក្សា ព្រមទាំងបានប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តរបស់​ក្រសួងការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាំងនៅទីតាំងសាកលវិទ្យាល័យផ្ទាល់ ដើម្បីផ្ដល់ភាព​ងាយស្រួលឆាប់រហ័សក្នុងការចែករំលែកព័ត៌មានពីឱកាសការងារ និងព័ត៌មានជាច្រើន​ផ្សេងទៀត។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន សាកលវិទ្យាល័យនៅបណ្ដាប្រទេសជាច្រើនលើពិភពលោក តាមរយៈការចុះអនុ​ស្សារណៈនៃការយោគយល់គ្នា ការផ្លាស់ប្ដូរនិស្សិតទៅវិញទៅមក ការរៀបចំកម្មវិធី បាថក​ថា សិក្ខាសាលា វេទិកានានា ជាប្រចាំ ដោយអញ្ជើញវាគ្មិនល្បីៗមកចូលរួមក្នុងគោល​បំណង​ជួយដល់និស្សិត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ និងឱកាសធ្វើកម្ម​សិក្សាជាក់ស្តែង ដែលជាទុនដ៏សំខាន់សម្រាប់ការសិក្សា និងការបំពេញការងារ៕

Leave a Reply

Your email address will not be published. Required fields are marked *