(ព្រៃវែង)៖ លោកមេឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងទទួលស្គាល់ថា ពិតជាមានករណី”បើកល្បែងស៊ីសង”ក្នុងឃ្លាំងរបស់លោកឧកញ៉ា ថេត ប៊ុនថាប់ ដោយគ្មានច្បាប់អនុញ្ញាតប្រាកដមែន..!!។
ដោយលោកមេឃុំអះអាងថា មានអភិបាលរងខេត្តព្រៃវែងម្នាក់ ជាអ្នកសម្របសម្រួលក្នុងការបើកល្បែងមួយនេះ..!។
-ករណីនេះពុំមានការបកស្រាយបំភ្លឺពី
ប្រភពបានឱ្យ(ដើមរាំង)ដឹងថា បនល្បែង”ហ្គេមអនឡាញលំដាប់VIP”ខ្នាតធំមួយនេះ បានបើកដំណើរការ រយៈពេលជិត២ខែមកហើយ គឺនៅក្នុងឃ្លាំងនៃដីឡូត៍ក្រោយផ្ទះរបស់លោកឧកញ៉ា ថេត ប៊ុនថាប់ ត្រង់ចំណុចខាងជើងផ្លូវជាតិលេខ៨ ស្ថិតនៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង.!។
សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃមានមេការ ដើរប្រមូលកៀងគរហៅភ្ញៀវចិន ពីភ្នំពេញនិងតាមបណ្ដាខេត្តផ្សេងៗ រួចដឹកតាមរថយន្តស្តារិច ដើម្បីចូលមកលេងល្បែង”ហ្គេមអនឡាញ”ក្នុងឃ្លាំងត្រង់ចំណុចខាងលើ.ហាក់បីដូចជា(កាស៊ីណូ) មានច្បាប់ទម្លាប់អញ្ចឹង.!!។
ដោយពួកគេលេងភ្នាល់ ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត និងមានសុវត្ថិភាព! ខណៈសមត្ថកិច្ចដឹងហើយ ប៉ុន្តែមិនហ៊ានបង្ក្រាប…!!។
ក្នុងរឿងនេះ អ្នកលេងល្បែងបង្ហើបថា កាលពីកន្លះខែមុន មានជនជាតិចិនម្នាក់ បានដើរយំនៅម្ដុំរង្វង់មូលស្វាយអន្ទរ ដោយសារលេងល្បែងនៅក្នុងឃ្លាំងឧកញ៉ា ថេត ប៊ុនថាប់ ចាញ់អស់លុយច្រើនពេក!!។
ទន្ទឹមនិងនោះ យុវតីម្នាក់ដែលតែងតែចេញចូលក្នុងតំបន់ដីឡូត៍របស់ឧកញ៉ា ថេត ប៊ុនថាប់ បានអះអាងថា នៅក្នុងឃ្លាំងរបស់ឧកញ៉ា ពិតជាមានការបើកលេងល្បែងស៊ីសងប្រាកដមែន.!។
នាងបន្តថា ភ្ញៀវភាគច្រើនដែលចូលមកលេងល្បែង សុទ្ធសឹងតែជាជនជាតិចិនទាំងអស់ ដោយខ្មែរមកលេងមួយៗទេ..!!។
ពលរដ្ឋនៅតំបន់នោះ ក៏បាននិយាយស្រដៀងគ្នាដែរថា ជារៀងរាល់ថ្ងៃពួកគាត់ ឃើញរថយន្តស្តារិច តែងតែដឹកភ្ញៀវចិន ចេញ.ចូលក្នុងឃ្លាំងឧកញ៉ា ថេត ប៊ុនថាប់ ជាហូរហែ..!។
ដោយមិនដឹងថា គេលេងល្បែងអ្វីខ្លះនោះទេ ព្រោះឃ្លាំងនោះ ចាក់សោរជិតទាំងមុខនិងក្រោយ.មានសន្តិសុខយាមកាមយ៉ាងតឹងរឹង និងដាក់កាមេរ៉ាសុវត្ថិភាពទៀតផង!។
ពោលគឺ ទាល់តែគ្នាគេ ឬភ្ញៀវចិន ទើបគេបើកទ្វារចាក់សោរឱ្យចូល ក្នុងឃ្លាំងដែលមានម៉ាស៊ីនត្រជាក់ បើករហូត…!!។
ស្របពេលដែលលោកឧកញ៉ា ថេត ប៊ុនថាប់ កំពុងជួសជុលឃ្លាំង ដែលនៅជាប់និងឃ្លាំងបើកល្បែង.!។
ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅរសៀលទី២៣.០២.២០២៥(ដើមរាំង) បានព្យាយាមសុំការបំភ្លឺពីលោកឧកញ៉ា ថេត ប៊ុនថាប់ដែលជាម្ចាស់ទីតាំង ប៉ុន្តែទូរស័ព្ទចូលហើយ លោកមិនទទួល..!។
-រីឯលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរបានថ្លែងប្រាប់(ដើមរាំង)ថា ករណីខាងលើ លោកក៏ធ្លាប់ទទួលព័ត៌មានដែរ ប៉ុន្តែកោះហៅ.គេមិនចូលបំភ្លឺ..!។
ក្នុងនោះ លោកអភិបាលស្រុក បានរុញឱ្យទៅសួរខាងខេត្ត.ព្រោះជាការងាររបស់កងកម្លាំង.!។
-ចំណែកលោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង បានថ្លែងយ៉ាងខ្លីថា”ខ្ញុំនឹងពិនិត្យមើល”លុះដល់ថ្ងៃទី២៤.០២.២០២៥ លោកស្នងការ បានបង្ហាញរូបភាពថ្មម៉ាប ទទេស្អាតចំនួន៤សន្លឹក…!។
-ចំពោះលោក ភុន ចំណាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃខ្លាបានថ្លែងថា ខ្ញុំមិនដឹងទេ ព្រោះគេមិនប្រាប់ខ្ញុំផង.!។
-ជាមួយគ្នានោះ សមត្ថកិច្ចស្រុកស្វាយអន្ទរ បានថ្លែងថា ករណីបើកល្បែងខាងលើ លោកក៏បានដឹងដែរ.ដោយថែមទាំង បានរាយការណ៍ជូនលោកអភិបាលស្រុក និងខេត្តទៀតផង ប៉ុន្តែមិនឃើញមានចំណាត់ការនោះទេ.!!។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ(ដើមរាំង) នៅរសៀលទី២៣.០២.២០២៥ លោក យឹម យ៉ន មេឃុំព្រៃខ្លាបានទទួលស្គាល់ថា ពិតជាមានករណី”បើកល្បែងស៊ីសង”ក្នុងឃ្លាំងរបស់លោកឧកញ៉ា ថេត ប៊ុនថាប់ ប្រាកដមែន..!!។
លោកមេឃុំ បន្តថា កន្លងមកលោកធ្លាប់កោះហៅម្ចាស់ទីតាំង ក្នុងបំណងសួរនាំរកច្បាប់ទម្លាប់.ប៉ុន្តែលោកឧកញ៉ា ថេត ប៊ុនថាប់ ពុំបានអញ្ជើញមកទេ! ដោយថា(មានជំងឺ)។
ក្នុងនោះ លោកឧកញ៉ា បានប្រាប់មកលោកមេឃុំវិញថា អភិបាលរងខេត្តម្នាក់ ដែលធ្លាប់សម្របសម្រួលការងារឱ្យខ្លួន ជាអ្នកចាត់ចែងរត់ការធ្វើច្បាប់ និងបានឯកភាពត្រូវគ្នាអស់ហើយ..!។
លោកមេឃុំបញ្ជាក់ថា ក្រោយរដ្ឋបាលឃុំ កោះហៅម្ចាស់ទីតាំង! ស្រាប់តែលេចមុខអភិបាលរងខេត្ត១រូប មកសម្របសម្រួលត្រូវគ្នាជាមួយលោកអភិបាលស្រុកស្វាយអន្ទរ ពិតមែន…!។
ដោយលោកអភិបាលស្រុក បានប្រាប់មកខ្លួនជាមេឃុំវិញថា ឥឡូវខេត្ត.គេមកជួបខ្ញុំហើយ.ហេតុនេះលោកមេឃុំ ក៏លែងសួរនាំដេញដោលអ្វីទៀតដែរ!។
បើតាមលោកមេឃុំព្រៃខ្លា រឿងគេបើកលេងល្បែង គឺដឹងតែលេងហើយ ប៉ុន្តែលោកមិនច្បាស់ថា ក្នុងនោះគេលេងល្បែងអ្វីខ្លះទេ..!!។
-ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋនៅស្រុកស្វាយអន្ទរ សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តព្រៃវែង.ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យចាត់វិធានការបង្ក្រាប ចំពោះការបើកល្បែង”ហ្គេមអនឡាញ”ត្រង់ចំណុចខាងលើ ដោយក្ដីអនុគ្រោះ..!!។
-ខណៈការលើកឡើងរបស់លោកមេឃុំ អ្នកពាក់ព័ន្ធអាចជាម្ចាស់ទីតាំង ដែលជួលឱ្យគេបើកល្បែង.ជាពិសេសអភិបាលរងខេត្តរូបណា? ដែលជាអ្នកសម្របសម្រួលអន្តរាគមន៍ ក្នុងការបើកល្បែង”ហ្គេមអនឡាញ”ដោយខុសច្បាប់៕