ប៉ូលិសឆេក បានកំណត់អត្តសញ្ញាណមនុស្សទាំង ១៤នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយខ្មាន់កាំភ្លើងនៅក្នុងបរិវេណសាកលវិទ្យាល័យ ក្នុងរដ្ឋធានី Prague កាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងសន្និសីទសារព័ត៌មាន មួយដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារនេះ លោក Petr Matejcek មេប៉ូលិសក្រុង Prague បាននិយាយថា មនុស្ស 14 នាក់ត្រូវបានសម្លាប់ និង 25 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ ដោយខ្មាន់កាំភ្លើងម្នាក់ ។
ខណៈដែលគាត់បានបើកការបាញ់ប្រហារនៅក្នុងច្រករបៀង និងថ្នាក់រៀនរបស់ អគារមហាវិទ្យាល័យសិល្បៈនៅសាកលវិទ្យាល័យ Charles ។
លោកបានបន្តទៀតថា ភស្តុតាងបង្ហាញថា ខ្មាន់កាំភ្លើង គឺជាជនដៃដល់ដូចគ្នា ដូចជានៅក្នុងឃាតកម្មព្រៃ Klanovicky នៅជិតទីក្រុង Prague កាលពីមួយសប្តាហ៍មុន ដែលបុរសម្នាក់ និងកូនស្រីរបស់គាត់ត្រូវបានសម្លាប់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Vit Rakusan បានប្រកាសប្រឆាំងដាច់ខាតចំពោះការវាយប្រហារណាមួយមកលើសាធារណជនឆែក បន្ទាប់ពីឧប្បត្តិហេតុនេះ ហើយបានបន្ថែមថា ថ្ងៃកាន់ទុក្ខទូទាំងប្រទេសនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍។
ជាមួយគ្នានោះ ប្រធានាធិបតីឆេក លោក Petr Pavel នៅក្នុងសាររបស់គាត់ទៅកាន់សាធារណៈជនបានអំពាវនាវឱ្យមានឯកភាពគ្នាជារួម និងបាននិយាយថា ការសម្លាប់មិនគួរត្រូវបានប្រើប្រាស់ជាមធ្យោបាយសម្រាប់ការវាយប្រហារផ្នែកនយោបាយ ឬការផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ។
លោកបានសម្តែងនូវ«ការសោកសៅជាខ្លាំង» និង«កំហឹងដែលគ្មានទីពឹងចំពោះការបាត់បង់ជីវិតដែលមិនចាំបាច់ទាំងស្រុង»៕