ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា តុលាការទីក្រុងហាណូយ បានកាត់ទោសអ្នកកាសែត ឯករាជ្យម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៣០ខែជុំវិញការ បង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរិះគន់លើរដ្ឋាភិបាល។
ប្រភពពីសារព័ត៌មាន AFP នៅថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោក Huy Duc អាយុ ៦៣ឆ្នាំ ធ្លាប់ធ្វើការឱ្យកាសែតរដ្ឋដ៏មានឥទ្ធិពលមួយ មុនពេលបង្កើតបានប្លុក និងគណនីហ្វេសប៊ុកដ៏ពេញនិយមបំផុតមួយ នៅក្នុងប្រទេសវៀតណាម ដោយបានរិះគន់បណ្តាថ្នាក់ដឹកនាំបក្សកុម្មុយនិស្ត លើបញ្ហាដូចជាអំពើពុករលួយ របៀបគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយចិន។
តុលាការនៅទីក្រុងហាណូយ បានកាត់ទោសបុរសរូបនេះ ពីបទបំពានលើសេរីភាពប្រជាធិបតេយ្យ កេងចំណេញលើរដ្ឋ តាមរយៈការបង្ហោះអត្ថបទចំនួន ១៣ នៅលើហ្វេសប៊ុក។ សវនាការកាត់ទោស ទើបតែបញ្ចប់នៅប៉ុន្មានម៉ោងមុននេះ ដោយបើតាម Vietnam News Agencyអត្ថបទទាំងនោះ មានការបញ្ចេញមតិយោបល់ និងចែករំលែកបន្តច្រើន ដែលនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម៕