ការជួសជុលកែលម្អឱ្យប្រសើរឡើងនូវសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលើ បានចាប់ផ្តើមដំណើរការបណ្ដើរៗហើយ!

(ភ្នំពេញ)៖ តាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាឱកាសចុះពិនិត្យសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលើ ខេត្តសៀមរាប និងសំណេះសំណាលជាមួយបងប្អូនសមាជិកសហគមន៍ កាលពីថ្ងៃ២៥ ខែកុម្ភ: ឆ្នាំ២០២៥ ។

ដោយបានផ្តល់គោលការណ៍ឱ្យសាងសង់អនុវិទ្យាល័យ និងជួសជុលកែលម្អផ្លូវធ្វើឱ្យប្រសើរឡើងប្រវែងជាង ៦គីឡូម៉ែត្រ ពីសហគមន៍ទៅកាន់ទីតាំងស្រះដំរី ដោយបានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ មេបញ្ជាការរង កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលបន្ទុកសាងសង់។

បន្ទាប់ពីទទួលបានបទបញ្ជាភ្លាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត និងឧត្តមសេនីយ៍ទោ បានចុះទៅជួបបងប្អូន អ៊ំពូមីង តាយាយ លោកគ្រូអ្នកគ្រូ និងសហគមន៍ ក្នុងគោលបំណងសាកសួរបន្ថែមអំពីចំណាប់អារម្មណ៍ និងការឯកភាពក្នុងការរៀបចំ៖
១/ ការធ្វើឱ្យប្រសើរឡើងផ្លូវពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី ដែលជាផ្លូវចរាចរណ៍ទេសចរណ៍ដ៏សំខាន់របស់សហគមន៍អន្លង់ធំ មានប្រវែងប្រមាណជាង ៦គីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងសុវត្ថិភាពដល់ភ្ញៀវទេសចរក៏ប៉ុន្តែការជួសជុលនេះ គឺឈរលើការថែរក្សាសណ្ឋានផ្លូវដើម ដោយមិនធ្វើឱ្យមានការប៉ះពាល់ណាមួយនោះទេ ពិសេសក៏មានការឯកភាពពីតំណាងសហគមន៍ផងដែរ។ ការជួសជុលកែលម្អឱ្យប្រសើរឡើង បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២៨ ខែកុម្ភ: ដោយមានការចូលរួមសហការជាប់ជាប្រចាំពីតំណាងសហគមន៍ សំដៅធានាបានការឯកភាពគ្នា និងថែរក្សាសណ្ឋានផ្លូវដើម និងមិនបាត់បង់គុណតម្លៃវប្បធម៌របស់យើង។

២/ ក្រោយពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មានការឯកភាពរួមគ្នាក្នុងការសម្រេចឱ្យសាងសង់អនុវិទ្យាល័យថ្មី នៅទីតាំងថ្មី អគារថ្មីមួយខ្នងពីរជាន់ ១២បន្ទប់ ជាជំហ៊ានទីមួយ ហើយនឹងរៀបចំក្របខណ្ឌស្នើសុំជាវិទ្យាល័យទៅថ្ងៃក្រោយ។ បច្ចុប្បន្នគ្រឿងចក្របានដាក់ដល់ទីតាំងសម្រាប់ត្រៀមសម្អាត និងឈូសឆាយដីថ្មីតែនៅមិនទាន់អាចដំណើរការបាននោះទេ គឺត្រូវរង់ចាំជំនាញចុះមកពិនិត្យ និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះសិន ដើម្បីអាចនឹងចាប់ផ្តើមការសាងសង់បាននៅពេលដ៏ខ្លីខាងមុខ។ ព្រមជាមួយគ្នា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានឯកភាពផ្តល់ជូននៅអគារទីចាត់ការ ០១ខ្នង អគារបណ្ណាល័យ ០១ខ្នង និងអគារស្នាក់នៅលោកគ្រូអ្នកគ្រូ ០១ខ្នង ដែលមាន ០៣បន្ទប់គេង ជូនដល់សាលាបឋមសិក្សាសម្តេចឪសម្តេចម៉ែអន្លង់ធំ ហើយបានចាប់ផ្តើមដំណើរការសាងសង់ចាប់ពីថ្ងៃទី០១ ខែមីនា៕

Leave a Reply

Your email address will not be published. Required fields are marked *