Update៖ កូរ៉េខាងជើង ថ្កោលទោសអាមេរិកចំពោះនាវាផ្ទុកយន្ដហោះចម្បាំងនៅកូរ៉េខាងត្បូង!

កូរ៉េខាងជើងនៅថ្ងៃអង្គារ(ទី៤ ខែមីនាបានថ្កោលទោសអាមេរិក សម្រាប់ការបង្ករឿងទាំងនយោបាយ និងយោធា ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង ទៅកាន់ទីក្រុងកំពង់ផែ Busan នៃប្រទេសកូរ៉េខាងត្បូង។

ប្រភពពីសារព័ត៌មាន AP។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អ្នកនាង គីម យ៉ូជុង ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថាភ្លាមៗក្រោយរដ្ឋបាលថ្មីឡើងកាន់អំណាចសហរដ្ឋអាមេរិកបានបង្កើនសកម្មភាពបង្ករឿងប្រឆាំងនឹងកូរ៉េខាងជើង។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថាវត្តមាននាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Carl Vinson ក្នុងតំបន់ឧបទ្វីបកូរ៉េ គឺជា ការបង្កើនការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការឆ្លើយតបដែលនេះទំនងជាចង់សំដៅលើការធ្វើតេស្ដមីស៊ីល។
គួរបញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Carl Vinson បានធ្វើដំណើរទៅដល់ទីក្រុងកំពង់ផែ Busan កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ដំណើរទស្សនកិច្ចរបស់ USS Carl Vinson ត្រូវបានកងទ័ពជើងទឹកអាមេរិក បញ្ជាក់ថាជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការពង្រឹងទំនាក់ទំនងបន្ថែមជាមួយមេដឹកនាំកូរ៉េខាងត្បូង និងប្រជាជនក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *