កាលពីថ្ងៃសុក្រ(ទី៧ ខែមីនា) ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងពីការប្រទះឃើញបាឡុងចិនចំនួន ១១គ្រឿងនៅក្បែរដែនកោះរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមកនេះ ខណៈចិននៅតែបន្តបង្កើនការធ្វើសកម្មយោធាក្បែរកោះតៃវ៉ាន់។
ប្រភពពីសារព័ត៌មាន AFP។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ទៀតថាបាឡុងទាំងនោះត្រូវបានប្រទះឃើញរួមជាមួយយន្ដហោះយោធាចិន៥គ្រឿង
និងនាវាចម្បាំង ៦គ្រឿង ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមម៉ោង ៦៖០០នាទីព្រឹក ថ្ងៃសុក្រនេះ។ចិនបានទទូចជារឿយៗថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននិងគំរាមប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងដែនកោះមួយនេះក្នុងករណីចាំបាច់។
ទីក្រុងប៉េកាំង ក៏បានបង្កើនការធ្វើសកម្មភាពយោធាតាមរយៈការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងនៅក្បែរកោះតៃវ៉ាន់ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបញ្ជាក់ពីការអះអាងពីអធិបតេយ្យលើតៃវ៉ាន់៕