Update៖ រុស្ស៊ី វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងឧស្ម័នរបស់អ៊ុយក្រែន!

រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រ(ទី៧ ខែមីនា)នេះថា កងទ័ពរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្ម័នរបស់អ៊ុយក្រែន នៅក្នុងការវាយប្រហារថ្មីទៀតដោយប្រើយន្តដ្រូននិងមីស៉ីល។ ប្រភពពីសារព័ត៌មាន Reuters។

លោក German Galushchenko បានបង្ហោះសារលើហ្វេសប៊ុកដូច្នេះថាជាថ្មីម្តងទៀត ហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្ម័ន នៅក្នុងតំបន់ផ្សេងៗនៃអ៊ុយក្រែនស្ថិតក្រោមការបាញ់មីស៉ីលនិងដ្រូន។ ក្រុមសង្គ្រោះនិងវិស្វករថាមពលកំពុងធ្វើការដើម្បីដោះស្រាយផលវិបាក។ វិធានការចាំបាច់ទាំងអស់កំពុងត្រូវបានអនុវត្ត ដើម្បីធ្វើឱ្យមានស្ថេរភាពលើការផ្គត់ផ្គង់ថាមពលនិងឧស្ម័ន។ ការវាយប្រហារនេះ ក៏បានធ្វើឱ្យខូចខាតដល់កន្លែងផលិតឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋអ៊ុយក្រែន Naftogaz ផងដែរ។ បើតាម Naftogazកន្លែងផលិតឧស្ម័ន ត្រូវរងការខូចខាត។ សំណាងល្អមិនមានអ្នករងរបួស។
អភិបាលក្រុង Ternopil លោក Viacheslav Nehoda និយាយថា មានការវាយប្រហារលើរោងចក្រឧស្សាហកម្មដ៏សំខាន់មួយនៅតំបន់ភាគខាងលិចហើយអាចនឹងមានការកំណត់លើការផ្គត់ផ្គង់ឧស្ម័ន។ ប្រព័ន្ធការការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៉ីលមួយគ្រាប់។ នៅឯទីក្រុង Kharkov ភាគឦសាន រុស្ស៊ីបានវាយប្រហារលើសហគ្រាសស៉ីវិល និងរបួសមនុស្សយ៉ាងតិច ៥នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version